ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី១-៧មិថុនា តាមបណ្តារាជធានី ខេត្តនឹងមានភ្លៀងធ្លាក់រាយ ប៉ាយលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថាកម្ពុជា ទទួលរងឥទ្ធិពលជ្រលងនៃសម្ពាធទាប នៅភាគខាងលើប្រទេសឡាវ វៀតណាម ដែលអាចធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ រាយប៉ាយ នៅតាមបណ្តរាជធានី ខេត្តនានា លាយឡំ ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករណ៍ធាតុអាកាស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២របស់ក្រសួងធនធានទឹកនៅថ្ងៃទី៣១ឧសភាបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលង នៃសម្ពាធទាបដែលស្ថិតនៅភាគខាងលើ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនិងខ្យល់មូសុងនិរតី កម្រិតពីខ្សោយទៅមធ្យម។

ក្រសួងបានលើកឡើងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤អង្សាសេ។នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ដោយឡែកនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យម ទៅច្រើន។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រក្នុងកម្រិតពីមធ្យមទៅបង្គួរ៕

To Top