ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃមកនេះ មានការចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទិដ្ឋភាព លោកយាយម្នាក់ យកកាដូពោរពេញដោយអត្ថន័យ ទៅជូនចៅប្រុសដល់សហរដ្ឋអាមេរិក បន្ទាប់ពីកូនខ្មែររូប នេះ បានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក ដែលបានធ្វើឲ្យរំជួយចិត្ត ដល់ពលរដ្ឋខ្មែរជា ច្រើន អបអរសាទរ នូវសមត្ថភាព និងការខិតខំរបស់គាត់ ដែលមានដើមកំណើតអ្នកកសិករសុទ្ធសាទ ។




យោងតាមប្រភព ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានចែកចាយបន្តគ្នានាពេលថ្មីៗនេះ បានបង្ហាញថា បុរសខាងលើនេះមាន ឈ្មោះ ពេជ្រ មូន ជាអ្នកស្រុករលាប្អៀ មានដើមកំណើត ចេញពីកូនកសិករសុទ្ធសាទ និងបានបញ្ចប់ការសិក្សា ផ្នែកគណិតវិទ្យានិងការស្រាវជ្រាវលំហរអាកាស ពីសាលាបណ្ឌិតសភាយោធាអាមេរិក ហើយអ្វីដែលជាទីចាប់អារម្មណ៍នោះ គឺលោកយាយរបស់ លោក ពេជ្រ មូន បានយកស្នឹងរុំជាមួយខ្សែចងគោ និងក្រមាដែលលោកធ្លាប់បានប្រើប្រាស់ កាលពីកុមារភាពក្នុងពេលនៅជាមួយលោកយាយនោះ គឺយកទៅធ្វើជា អំណោយ បង្ហាញពីមោទកភាព របស់ក្រុមគ្រួសារ ដែលមានចៅជាកូនកសិករមានសមត្ថភាពខ្ពស់បែបនេះ ។


យោងតាមប្រភពដដែល បានឲ្យដឹងថា “ពិតជាមោទកភាពណាស់ សម្រាប់កូនកសិករឈ្មោះ ពេជ្រ មូន រស់នៅ ភូមិគ្រួស ឃុំរលាប្អៀ ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង បានទទួលអាហារូបករណ៍ ទៅសិក្សានៅសាលាបណ្ឌិតសភា យោធា អាមេរិក រយៈពេល៤ឆ្នាំ ហើយទើបបញ្ចប់ការសិក្សានៅឆ្នាំ២០២២នេះ ជំនាញផ្នែកគណិតវិទ្យា និងការ សាវជ្រាវ នៅលំហរអាកាស ហើយក៏បានទទួលបានជំនាញបើកយន្តហោះផងដែរ!” ។

ប្រភពបន្តថា “ប៉ុន្តែអ្វីដែលពិសេស និងកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺលោកយាយវ័យចំណាស់ បាននាំយកខ្សែ គោ និងក្រមាពីស្រុកខ្មែរ រហូតដល់អាមេរិក ដើម្បីជារង្វាន់ជូនចៅប្រុស ក្នុងថ្ងៃបញ្ចប់ការសិក្សា ពីបណ្ឌិតសភា យោធាអាមេរិក! ខ្សែគោ និងក្រមានេះ គឺជាមរតកអនុស្សាវរីយ៍ របស់យុវជន ពេជ្រ មូន បានប្រើប្រាស់ជាប់ជា ប្រចាំ ពេលគេនៅកុមារភាព លើដីជនបទនៅស្រុកកំណើត ជារង្វាន់ជូនចៅថ្ងៃទទួលសញ្ញាបត្រ ពីបណ្ឌិតសភា យោធាអាមេរិក” ៕
