ព្រឹត្តិការណ៍ Cambodia Night ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ជាកម្មវិធីលក្ខណៈអន្តរជាតិមួយ រៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា។
សកម្មភាពគួរជាទីគយគន់ជាច្រើន ត្រូវបានបង្ហាញខ្លួននៅកម្មវិធី Cambodia Night ធ្វើឱ្យភ្ញៀវកិត្តិយសសាទរ និងរំភើបជាខ្លាំង។ ដោយក្នុងនោះ ផ្ទាំងសិល្បៈទស្សនីយភាពដែលកម្ពុជាចង់បង្ហាញជូនប្រតិភូអន្តរជាតិអំពីភាពរុងរឿងនៃអារ្យធម៌ វប្បធម៌របស់ខ្លួន បានទាក់ទាញចិត្តអ្នកទស្សនាជាខ្លាំង ដែលរួមមានរបាំគោះត្រឡោក និងរបាំឆៃយ៊ាំ ព្រមទាំងផ្ទះបាយអង្គរ។
សូមបញ្ជាក់ផងដែរថា របាំគោះត្រឡោក គឺជារបាំប្រពៃណីមួយរបស់ខ្មែរ ហើយនៅក្នងរាត្រី Cambodia Night របាំនេះត្រូវបានសម្ដែងដោយផ្ទាល់ពីសំណាក់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ និងប្រធានសភាយុវពាណិជ្ជករថ្នាក់តំបន់មកពីគ្រប់សាខា ក្នុងស្មារតីអភិរក្សវប្បធម៌ ដែលជាព្រលឹងជាតិ។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីក៏លើកយករបាំឆៃយ៊ាំ អមដោយភ្លេងរស់រវើក កន្ត្រាក់រន្ថាន់ យ៉ាងរណ្ដំ និងផ្ទះបាយអង្គរ ដែលក្រុមការងារចង់លើកតម្កើងអត្តសញ្ញាណជាតិខ្មែរ តាមរយៈនំអន្សម នំបត់ នំគមជាដើម ដើម្បីបង្ហាញកម្ពុជាទៅកាប់ឆាកអន្តរជាតិ
ជាពិសេសទៅទៀតនោះ អ្នកចូលរួមកម្មវិធី បានស្លៀកសម្លៀកបំពាក់បែបបុរាណ រួមមានសម័យលង្វែក សម័យសង្គមរាស្ត្រនិយម។ល។ ដែលញ៊ាំងឱ្យកម្មវិធីកាន់តែមានសោភ័ណឆើតឆាយ៕





