ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២នេះ បានសម្រេចឃុំខ្លួន បុរសម្នាក់ ដែលបានសម្លាប់ប្រពន្ធ របស់គាត់ ដោយ អារក និង កាត់ក្បាល ដាក់ក្នុងបាវ រួចយកទៅបោះចោល កន្លែងផ្ញើរម៉ូតូ រូច រត់គេចខ្លួននោះ នៅក្នុងពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ។
អំពីឃាតកម្ម ដ៏សាហាវឃោរឃៅនេះ បានកើតឡើងនៅចំណុចក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២២ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ មានឈ្មោះ ភួង រដ្ឋា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិតាំងញាតិ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។
ចំណែកឯជនរងគ្រោះមាន លី ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកផ្នែកអនាម័យ នៅ SUNWAY TOUK KORK CITY និងមានស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
អ្នកទាំង២ គឺប្តីប្រពន្ធនឹងគ្នា និង រស់នៅនៅក្នុងបន្ទប់ជួលលេខ៧ ជាន់ទី១ ផ្ទះលេខ១៥ ផ្លូវលេខ៥៣០ ស្ថិតក្នុងភូមិ៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនត្រូវចោទ ឈ្មោះ ភួង រដ្ឋា ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ ” ឃាតកម្មគិតទុជាមុន” តាម មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ និង អាចប្រឈមមុខជាប់គុក អស់មួយជីវិត ។
ជនត្រូវចោទ ឈ្មោះ ភួង រដ្ឋា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ក្នុងខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ បន្ទាប់ពី គាត់បាន សម្លាប់ប្រពន្ធរបស់គាត់ រួចរត់គេចខ្លួន ៕ ដោយ: លីហ្សា