ព័ត៌មានជាតិ

គ.ជ.ប អំពាវនាវឱ្យពលរដ្ឋត្រៀមខ្លួន និងឯកសារ ដើម្បីចូលរួមបោះឆ្នោត

ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមឯកសារពាក់ព័ន្ធ ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នាថ្ងៃអាទិត្យ ទី៥​ខែមិថុនា ឆ្នាំ​២០២២ ឲ្យបានគ្រប់ៗគ្នា។

តាមរយៈ​សេចក្ដីអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី៣១ ឧសភា លោក ប្រាជ្ញ ចន្ទ បានថ្លែងថា «សូមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ទាំងអស់ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមបោះឆ្នោត នៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។

លោក បន្ដថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ដែលបានប្រើឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខ ឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវសូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបាន ទាន់ពេលវេលា។ លោក ថា ការចេញ ឯ.អ នឹងបញ្ឈប់ត្រឹមថ្ងៃសុក្រ ទី៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង៥:៣០នាទីល្ងាច។

លើសពីនេះ លោកប្រធាន គ.ជ.ប ក៏បានណែនាំប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការឆ្នាំ២០២១ ទាំងអស់ មេត្តាអញ្ជើញទៅបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតតាមកាលបរិច្ឆេទ និងពេលវេលាកំណត់ខាងលើឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ផ្តើមពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល៕

To Top