ភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃបោះឆ្នោត៥មិថុនា ២០២២នេះ នៅតាមការិយាល័យបោះឆ្នោតនានា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើន មូលមីតម្រងជួរ មុនម៉ោងចាប់ផ្តើមដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ពោលមុនម៉ោង៧ ពលរដ្ឋជាច្រើន បានសម្រុកទៅកាន់ ការិយាយល័យបោះឆ្នោតរៀងៗខ្លួន និងតម្រង់ជួររងចាំរួចជាស្រេច ។

ជុំវិញសកម្មភាពរបស់ពលរដ្ឋ សម្រុកទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ បានយល់ឃើញថា ជាការបង្ហាញឲ្យឃើញ នូវភាពរឹងមាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា កាន់តែខ្លាំងក្លាថែមទៀត។
បន្ទាប់ពីបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោត នៅការិយាល័យបោះឆ្នោត នៅកាំកូស៊ីធី នាថ្ងៃ៥ មិថុនានេះ លោក ឃួង ស្រេង បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា “បរិយាកាសនៃការឃោសនាបោះឆ្នោត ល្អប្រសើរ ទាំងសន្តិសុខ ទាំងសណ្តាប់ធ្នាប់ ទាំងគណបក្សនយោបាយ ដែលធ្វើកិច្ចការងារឃោសនាបោះឆ្នោត នៅរាជធានីភ្នំពេញ មិនមានអ្វីគួរឲ្យកត់សម្គាល់ទេ ។ ផ្ទុយទៅវិញ ពួកគាត់បានលើកឡើងថា អាជ្ញាធរបានរៀបចំ ជូនពួកគាត់បានល្អប្រសើរ ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញយើង មានការអបអរសាទរ ហើយបានបញ្ជាក់ថា កម្ពុជា បានឈានទៅការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បានកាន់តែរឹងមាំ ពីមួយអាណត្តិទៅមួយអាណត្តិ” ។

លោកបញ្ជាក់ថា “ខ្ញុំក្រោកអត់ទាន់គាត់ផង ម៉ោង៧ ខ្ញុំថាឲ្យមកដល់ ដល់ម៉ោង៧ខ្ញុំមកដល់ ឃើញគាត់តម្រង់ជួរអស់ទៅហើយ ។ បានន័យថា គាត់ពេញចិត្ត និងបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងអនុវត្តសិទ្ធិរបស់គាត់ ដើម្បីបោះឆ្នោតជ្រើសរើស អ្នកដឹកនាំនៅក្នុងមូលដ្ឋានរបស់គាត់ ។ នេះជាកិច្ចការងារមួយ ដែលបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស កាន់តែរឹងមាំ ពីអាណត្តិមួយទៅអាណត្តិមួយ រហូតឈានដល់អាណត្តិនេះ យើងឃើញថាប្រជាពលរដ្ឋ បានស្ទុះស្ទាមកផ្តល់សន្លឹកឆ្នោត បំពេញកាតព្វកិច្ច របស់គាត់យ៉ាងល្អប្រសើរ គាត់មកតាំងពីម៉ោង៦ ម៉ោង៥កន្លះ ដើម្បីមកបោះឆ្នោត” ។
ជុំវិញសកម្មភាព ការពង្រឹងសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ លោកឲ្យដឹងទៀតថា មុនថ្ងៃបោះឆ្នោត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ និងដាក់ផែនការច្បាស់លាស់ ធ្វើយ៉ាងណាការពារសុវត្ថិភាព និងដំណើរការបោះឆ្នោត ឲ្យរលូន និងគ្មានអំពើហិង្សា ។
លោក ឃួង ស្រេង មានប្រសាសន៍ថា “ខ្ញុំបានដាក់ចេញផែនការគ្រប់គ្រាន់ហើយ តែចង់យកឱកាសនេះ ផ្តាំផ្ញើដល់កងកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ គ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ ការពារសុវត្ថិភាព និងដំណើរការបោះឆ្នោតនេះ ឲ្យរលូន និងទទួលយកបានដោយគ្មានអំពើហិង្សា ដែលនេះជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ជាពិសេសគឺការចង់បានរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរ អំពីសុខទុក្ខ និងសុវត្ថិភាពប្រជាពលរដ្ឋជាប់ជាប្រចាំកន្លងមក ។ មិនថាថ្ងៃបោះឆ្នោត ក៏ដូចជាថ្ងៃធម្មតាទេ លោកតែងគិតគូរលើកបញ្ហានេះ ព្រោះជីវិតជាកត្តាសំខាន់ណាស់ ឬសន្តិសុខគឺសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ។ សន្តិភាពសម្តេចបានរកជូនមករួចហើយ ប៉ុន្តែនៅឡើយតែការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទៅតាមកងកម្លាំងប្រដាប់អាវុធ ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន និងតួនាទីភារកិច្ចរបស់ខ្លួនតែប៉ុណ្ណោះ” ៕









