នយោបាយ

ប្រធាន គ.ជ.ប.៖ អ្នកទៅបោះឆ្នោត មានជាង៧លាននាក់ ស្មើ៧៧.៩១%

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះ ឆ្នោតជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះ នៅក្នុងបញ្ជីជាង៩លាន២សែននាក់។

លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឭល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា តាមតួ លេខបណ្តោះអាសន្ន គ.ជ.ប ទទួលបានគឺអ្នកអញ្ជើញ ទៅបោះឆ្នោតចំនួន ៧.១៧២.៤៤៨នាក់ នៃអ្នកមានឈ្មោះ នៅក្នុងបញ្ជីបោះ ឆ្នោតជាង៩លាន២សែននាក់ គឺ ស្មើ ៧៧.៩១% ។

ជាមួយគ្នានោះដែរ ប្រធានគ.ជ.ប.ក៏បានលើកឡើងថា ចំនួនអ្នកចូលរួមបោះឆ្នោត គឺមានចំនួនខ្ពស់ ហើយអ្នក ដែលមិនចូលរួមដោយសារ មានកត្តាធាតុអាកាស ហើយក៏មានអ្នកដែលមានឈ្មោះហើយ តែកំពុងរស់នៅក្រៅប្រទេស។

លោកថា ពាក់ព័ន្ធនឹងសហភាពអឺរ៉ុប មិនបានដាក់អ្នកសង្កេតការណ៍ នៅក្នុងការសង្កេតការណ៍បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នោះជារឿងរបស់សហភាពអឺរ៉ុប ហើយច្បាប់របស់កម្ពុជា មិនទាមទារឲ្យមាន ការចូលរួមពីសហគមន៍អឺរ៉ុបនោះទេ។

ប្រធានគ.ជ.បក៏បានលើកឡើងទៀតថា មិនទាន់មានរបាយការណ៍ណាមួយ ពីទិន្នន័យ នៃការខូចសន្លឹកឆ្នោតនោះទេ។ តាមសេចក្តីរាយការណ៍ របស់គណៈកម្មការរៀបចំ ការបោះឆ្នោតឃុំ សង្កាត់បានឲ្យដឹងថា ចាប់ពីម៉ោង៧ព្រឹកការរិយាល័យ ទាំងអស់ ចាប់ផ្តើមបើកទាំងអស់ ដោយមិនមានការបិទនោះទេ ទោះបីជាមាន បញ្ហាពីអាកាសធាតុក្តី តែដំណើរការរលូនធម្មតា៕

To Top