នយោបាយ

លោក សុខ ឥសាន ៖ បក្សភ្លើងទៀនឡាំប៉ា មិនទទួលស្គាល់ លទ្ធផលបោះឆ្នោត ជារឿងអ្នកឯង តែ អង្ករក្លាយជាបាយហើយ (Video)

ភ្នំពេញ ៖ ក្រោយពីគណបក្សភ្លើងទៀន ជាដៃគូប្រកួតយំឡាំប៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពលំអៀង លើការរាប់សន្លឹកឆ្នោត ក៏ដូចជាការចោទប្រធាន និង សមាជិកស្ថាប័នគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ភាគច្រើនជាមនុស្ស របស់គណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យនិងមានភាពជាតំណាង ឲ្យគណបក្សប្រជាជនកម្ពុជា បានថ្លែងបកទៅវិញក្នុងន័យ ការពារបក្សខ្លួនថា គណបក្សភ្លើងទៀន ទទួលយកបាន ឬមិនបានជារឿងរបស់អ្នកឯង ព្រោះអង្ករបានក្លាយទៅជាបាយរួចហើយ ។

លោក សុខ ឥសាន លើកឡើងក្នុងបណ្តាញតេឡេក្រាម នាថ្ងៃ៦ មិថុនា ថា “គណបក្សភ្លើងទៀន ជាភាគីប្រកួតប្រជែង មិនមែនជាម្ចាស់ឆ្នោតទេ គ្មានសិទ្ធិតវ៉ាទេ ។ បញ្ហាទាក់ទងការបោះឆ្នោត អាស្រ័យលើគ.ជ.ប ដែលជាអាជ្ញាកណ្តាលសម្រេច ។ ត្រង់ទទួលយកបាន ឬមិនបានជារឿងអ្នកឯង តែអង្ករបានក្លាយជាបាយរួចហើយ” ។

លោកបន្តថា មុនបោះឆ្នោតសកម្មជន គណបក្សភ្លើងទៀន មានសង្ឃឹមមិនដល់ពាក់កណ្តាលទេ តែមានលទ្ធផលក្រោយបោះឆ្នោត មានការិយាល័យខ្លះ បានច្រើនជាងការរំពឹងទុក នេះគឺជាការប្រសើរហើយ ចង់រកអ្វីទៀត។

ចំពោះការចូលរួមបោះឆ្នោត ដោយបក្សប្រជាជនមានអ្នកគាំទ្រច្រើនវិញនោះ លោកថា ប្រជាពលរដ្ឋមានសិទ្ធិនយោបាយពេញលេញ ចង់ជឿលើគណបក្ស ណាស្រេចចិត្តរបស់ម្នាក់ៗ គ្មាននរណាមានសិទ្ធិរំលោភបំពានបានទេ ។

យោងតាមលទ្ធផល បោះឆ្នោត បណ្តោះអាសន្នចេញដោយ គ.ជ.ប គឺគណបក្សភ្លើងទៀន ទទួលបានអាសនៈជាង២ពាន់ ខណៈបក្សប្រជាជន ទទួលបានជាង ៩ពាន់អាសនៈ ។ ដោយសារមិនដូចការរំពឹងទុកមុន មិនសមប្រកបនូវអ្វីដែលខ្លួនចង់បាន ចំពោះលទ្ធផលបោះឆ្នោត គណបក្សភ្លើងទៀន នៅព្រឹកថ្ងៃ៦ មិថុនា បានចេញសេចក្តីថ្លែងការណ៍បង្ហាញការមិនពេញចិត្ត ។ បក្សប្រឆាំងនេះ បានចោទថា “មិនមានបរិយាកាសស្មើភាព ពលរដ្ឋមិន មានសេរីភាព ក្នុងការចូលរួមកិច្ចការនយោបាយ និងការបញ្ចេញមតិបានត្រឹមត្រូវនៅឡើយ ហើយស្ថាប័នបោះឆ្នោត ក៏មិនទាន់ឯករាជ្យព្រោះការចាត់ចែង និង ការសម្រេចលើការងារមួយចំនួនធំ គឺធ្វើដោយលំអៀង រួមទាំងសមាសភាពសមាជិកដឹកនាំស្ថាប័នេះ ពីលើដល់ក្រោម ជាសមាជិកមកពីគណបក្ស កាន់អំណាចស្ទើរតែទាំងអស់” ។

ចំពោះសកម្មភាព របស់គណបក្សភ្លើងទៀន កើតទុកមិនសុខចិត្តនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្ស យុវជនកម្ពុជា ដែលបានចេញ សេចក្តីថ្លែងការណ៍ គាំទ្រលទ្ធផលបោះឆ្នោត ខុសពីបក្សភ្លើងទៀត បានបញ្ចេញការយល់ឃើញ របស់ខ្លួនថា បើមិនសេរី យុត្តិធម៌ ចាំបាច់ចូលប្រកួតធ្វើអ្វី ហើយចំពោះអាសនៈទទួលបាននោះ ក៏កុំទទួលយកដែរទុកចោលទៅ ។

លោកថា “ខ្ញុំតាមដាន បក្សនេះ៥ អាណត្តិមកហើយ គឺបែបនេះរហូតភាសាដដែលៗ គឺខ្ញុំមិនយល់ទេ បើគិតថាមិនសេរី និងមិនយុត្តិធម៌ ចុះចូលប្រកួតប្រជែង ធ្វើអី ក៏ប៉ុន្តែខ្ញុំឃើញក្រុមនេះចូលប្រកួតរហូត ហើយពេលនេះPrankចូលប្រកួតទៀត ។ ម្យ៉ាងវិញទៀតបើថា ការបោះឆ្នោតមិន ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ សូមកុំទទួលយកអាសនៈដែលខ្លួនទទួលបានអី ទុកចោលទៅ ប្រុងថា អ្នកបោះឆ្នោតឲ្យបក្សនេះសុទ្ធតែសត្វ គឺមិនមែនមនុស្សទៅបោះឆ្នោតឲ្យគណបក្សនេះនោះទេ ។ ជំងឺតួឯកប្រឆាំងគ្រប់រឿង”

To Top