ព័ត៌មានជាតិ

គ.ជ.ប បំភ្លឺពាក់ព័ន្ធ នឹងជនអនុញ្ញាត ឲ្យចូលការិយាល័យ រាប់សន្លឹកឆ្នោត

ភ្នំពេញ៖ កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបំភ្លឺពាក់ព័ន្ធនឹងជន ដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត ខណៈ គ.ជ.ប ថា មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ វាយតម្លៃផ្ទុយពីការអបអរសាទរ របស់ភាគីពាក់ព័ន្ធទៅនឹង លទ្ធបោះឆ្នោតឃុំ-សង្កាត់។

យោងតាមសេចក្ដីបំភ្លឺរបស់ គ.ជ.ប នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានឲ្យដឹងថា លទ្ធផល បោះឆ្នោត ត្រូវបានអបអរសាទរ ពីគ្រប់ភាគីពាក់ព័ន្ធនឹង ការបោះឆ្នោត មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែង រួមទាំងអ្នកសង្កេត ការណ៍ជាតិ អន្តរជាតិ បានវាយតម្លៃថា ការបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូនល្អ សេរី យុត្តិធម៌ តម្លាភាព គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ឬភាពមិនប្រក្រតី ណាមួយកើតឡើងឡើយ។

ដោយឡែក មានតែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ដែលបានធ្វើការវាយតម្លៃ ផ្ទុយពីការអបអរសាទរ របស់ភាគីពាក់ព័ន្ធ។ មិនត្រឹមតែប៉ុណ្ណោះ គណបក្សភ្លើងទៀន បានលើកឡើងខុសពីច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ថែមទៀត ដើម្បីបំភាន់សាធារណៈមតិឲ្យយល់ខុស មកលើ គ.ជ.ប ក៏ដូចជាការរៀបចំការបោះឆ្នោតទាំងមូល។

ផ្ទាំងពាណិជ្ជកម្ម

ពាក់ព័ន្ធនឹងករណីនេះ គ.ជ.ប បានបញ្ជាក់ឲ្យដឹងថា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ- សង្កាត់ ចែងថា «ហាមជនគ្រប់រូប ចូលក្នុងការិយាល័យរាប់ សន្លឹកឆ្នោត មុនពេលចាប់ផ្ដើមការរាប់ សន្លឹកឆ្នោត ឬក្រោយការ រាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាត ជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត»។

គ.ជ.ប បន្ថែមថា ជនទាំងឡាយ ដែលត្រូវបានអនុញ្ញាត ឲ្យចូលក្នុងការិយាល័យ រាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុង ដូចជា ៖ មន្ត្រីរាប់សន្លឹកឆ្នោត បានទទួលការចាត់តាំងពីគណៈកម្មាការធិការជាតិ រៀបចំការបោះឆ្នោត, ភ្នាក់ងារគណបក្សនយោបាយ មានបញ្ជីបេក្ខជនឈរឈ្មោះ និងបានអនុញ្ញាត និងអ្នកសង្កេតការណ៍ ដែលមានប័ណ្ណសម្គាល់ ផ្ដល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការ ការិយាល័យរាប់សន្លឹកឆ្នោត ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

តាមគោលការណ៍ នៃច្បាប់ស្ដីពីការបោះឆ្នោត គឺ គ.ជ.ប បើកសិទ្ធិឲ្យគណបក្សនយោបាយប្ដឹងជុំវិញភាពមិនប្រក្រតីណាមួយ ដែលខ្លួនបានសង្កេត ឃើញនៅថ្ងៃបោះឆ្នោត ។ គ.ជ.ប នឹងរង់ចាំទទួលដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងលទ្ធផល នៃការបោះឆ្នោត ឬភាពមិនប្រក្រតីណាមួយ ដែលកើតឡើងនៅថ្ងៃបោះឆ្នោត ស្របតាមច្បាប់ និងប្រកាន់នូវគោលការណ៍យុត្តិធម៌ជានិច្ច ដូចមានចែង ក្នុងបាវចនារបស់ គ.ជ.ប៕

To Top