ព័ត៌មានជាតិ

នៅក្នុងដៃនាង៖ ទស្សនាវដ្តីសម្រាប់សហគ្រិនស្ត្រី


ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និង អង្គការផេកកម្ពុជា បានប្រកាសដាក់ឲ្យប្រើប្រាស់ នូវទស្សនាវដ្តី នៅក្នុងដៃនាង ដែលផ្តល់ឱ្យសហគ្រិនស្ត្រី នៅក្នុងប្រទេសកម្ពុជានូវឧបករណ៍ សម្រាប់កសាងអាជីវកម្ម របស់ពួកគេ។ នេះបើតាម សេចក្តីប្រកាសព៍ត៑មានរបស់USAID។

តាមរយៈការផ្តល់ជូននូវធនធានសំខាន់ៗ និងករណីសិក្សា ទស្សនាវដ្តីនេះដើរតួជាការណែនាំពីរបៀប ដែលអាចឱ្យសហគ្រិន ដោះស្រាយបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអាជីវកម្មរបស់ពួកគេ ដូចជារបៀបចុះឈ្មោះ ជាមួយបេឡាជាតិរបបសន្តិសុខសង្គម ជាដើម។ ទស្សនាវដ្តីនេះ មានជាភាសាខ្មែរ និងភាសាអង់គ្លេស ហើយរៀបរាប់លម្អិត អំពីជំហានសំខាន់ៗដែលត្រូវការ ដើម្បីប្រែក្លាយ អាជីវកម្មក្រៅផ្លូវការតូចមួយ ទៅជាសហគ្រាសស្របច្បាប់ ដែលមានសក្ដានុពលកំណើនខ្ពស់ និងការការពារផ្លូវច្បាប់។

លោកស្រី ហាន វ៉ឹន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ ប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា “ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ គាំទ្រយ៉ាងខ្លាំង ដល់ការចូលរួមរបស់ពលរដ្ធ និង ផ្នែកសេដ្ឋកិច្ច របស់ស្ត្រីហើយការទទួលបានព័ត៌មាន ពិតជាសំខាន់ ចំពោះការចូលរួមនោះ។ ទស្សនាវដ្តីនេះ នឹងផ្តល់ឱ្យសហគ្រិនស្ត្រីកម្ពុជា នូវព័ត៌មានដែលពួកគេត្រូវការ ដើម្បីចាប់ផ្តើម និងពង្រីកអាជីវកម្មរបស់ពួកគេ។”

លោកស្រី សាប៊ីន យ៉ៅគ្គឺស (Sabine Joukes) នាយកប្រចាំប្រទេសរបស់អង្គការផេកកម្ពុជា បានមានប្រសាសន៍ថា“ទស្សនាវដ្តីនេះ គាំទ្រសហគ្រិនស្ត្រី ក្នុងការធ្វើឱ្យអាជីវកម្មក្នុងក្តីសុបិន របស់ពួកគេក្លាយជាការពិត។ ទស្សនាវដ្ដីនេះបង្ហាញ រឿងរ៉ាវជីវិតពិតរបស់សហគ្រិនស្ត្រី អំពីបញ្ហាប្រឈមរបស់ពួកគេ និងផ្តល់នូវជំហានជាក់ស្តែង ក្នុងការដោះស្រាយបញ្ហានានា ដើម្បីឱ្យសហគ្រិនស្ត្រី អាចដោះស្រាយបញ្ហាទាំងនោះបាន។”

To Top