ភ្នំពេញ៖ នៅក្នុងជំនួប តាមទូរស័ព្ទ រវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ជាមួយលោកស្រី ផិននី វង់ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ដែលទើបនឹងតែងតាំងថ្មី ភាគីទាំងពីរ បានប្តេជ្ញាធ្វើការយ៉ាង សកម្មជាមួយគ្នា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដោយគិតប្រជាជនរបស់ជាស្នូល នៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយ។
នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នេះ លោក ប្រាក់ សុខុន បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំទើបតែមានឱកាស បានអបអរសាទរលោកជំទាវ ផិននី វង់ ផ្ទាល់មាត់តាមទូរស័ព្ទ នៅរសៀលនេះ ខណៈដែលគាត់ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសអូស្ត្រាលីថ្មី”។
លោក ប្រាក់ សុខុន បន្តថា កម្ពុជានិងអូស្ត្រាលី គឺជាដៃគូយូរអង្វែង ដែលមានទំនាក់ទំនងការទូតផ្លូវការ ៧ទសវត្សរ៍មកហើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងគ្រាមានទុក្ខលំបាក ទំនាក់ទំនងរបស់យើងកាន់តែ មានភាពជិតស្និទ្ធជាងមុន ខណៈដែលយើងនិងពិភពលោក បាននឹងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ក្នុងន័យនេះ កម្ពុជាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះជំនួយដ៏ថ្លៃថ្លាពីរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី។ យើងទាំងពីរប្តេជ្ញាធ្វើការយ៉ាង សកម្មជាមួយគ្នា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី ដោយគិតប្រជាជនរបស់យើងជាស្នូល នៃកិច្ចខិតខំប្រឹងប្រែងទាំងឡាយ៕