នយោបាយ

គ.ជ.ប និងបក្សកាន់អំណាច ៖ ក្រុមគណបក្ស ជំទាស់លទ្ធផលបោះឆ្នោត ចង់ធ្វើអ្វីធ្វើទៅ

ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) និងអ្នកនាំពាក្យគណបក្សកាន់អំណាច បានរួមគ្នាផ្ញើសារ ទៅកាន់ក្រុមគណបក្ស នយោបាយដែលជំទាស់លទ្ធផល បោះឆ្នោត ហើយមានបំណងចង់រួបរួមប្រមូលផ្តុំគ្នា ដើម្បីចែករំលែក បទពិសោធន៍ បានជួបប្រទះបញ្ហាក្នុងពេលបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនោះ ចង់ធ្វើអ្វីមួយក៏ធ្វើទៅតែត្រូវ គោរពតាមច្បាប់ត្រឹមត្រូវ ។

គិតមកដល់ថ្ងៃ៨ មិថុនានេះ មានគណបក្សនយោបាយ៣ហើយ មិនពេញចិត្តលទ្ធផលបោះឆ្នោត រួមមាន ៖ គណបក្សភ្លើងទៀន , គណបក្សកម្ពុជានិយម និងគណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន (គ ប ម) ។ គ ប ម ដែលជាបក្សទី៣ ទទួលបានអាសនៈសមល្មម ហើយបានតំណែង ជាក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥ បានបបួលគណបក្សនយោបាយទាំងអស់ ក្រៅពីគណបក្សប្រជាជនកម្ពុជា ជួបប្រជុំគ្នាចែករំលែក និងបូកសរុបនូវបទពិសោធន៍ដែលជួបប្រទះ ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីស្វែងរកបញ្ហារួម និងរកដំណោះស្រាយ ។ នេះយោងតាមសេចក្តីថ្លែងការណ៍ របស់គ ប ម នាថ្ងៃ៨ មិថុនា។

បើតាមគ ប ម គំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍មួយទៀត នៃការតស៊ូមតិរួមគ្នា ជាមួយ គ.ជ.ប និងរាជរដ្ឋាភិបាល។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ៨ មិថុនា ថា ការចង់ជួបគ្នារវាងបក្សនយោបាយ ដើម្បីដាក់សំណើរមកគ.ជ.ប គឺជាសិទ្ធិសេរីភាព របស់ពួកគាត់ទេ ព្រោះគ.ជ.បទទួលយកទាំងអស់ ឲ្យតែមានលិខិតជាលាយលក្ខណ៍អក្សរ និងមានហេតុមានផល ព្រម ទាំងមានសាក្សីត្រឹមត្រូវ ជៀសវាងការលើកឡើងដែលងាយធ្លាក់ ទៅក្នុងអន្ទាក់នយោបាយ ឬក៏ជាល្បែងនយោបាយ ។

លោកបញ្ជាក់ថា “អីចឹងគ.ជ.ប ស្វាគមន៍និងទទួលយកនូវរាល់អនុសាសន៍ និងសំណូមពរ ដើម្បីពិចារណា ហើយមិនមែនរាល់សំណូមពរ និងអនុសាសន៍ទាំងអស់ត្រូវតែអនុវត្តតាមនោះទេ ផ្ទុយទៅវិញគឺយកមកសិក្សាពិចារណា”។

ចំពោះការចោទថា គ.ជ.ប លំអៀងទៅបក្សកាន់អំណាចអំពីលទ្ធផលបោះឆ្នោត លោកបញ្ជាក់ត្រឡប់ទៅវិញថា គ.ជ.ប មានភាពឯករាជ្យ អព្យាក្រឹត្យ មិនលំអៀង អនុវត្តទៅតាមច្បាប់ជាធរមាន ដោយលទ្ធផលបោះឆ្នោត គ.ជ.ប គ្មានសិទ្ធិទៅកែប្រែអ្វីទេ គឺរាប់ឃើញសន្លឹកឆ្នោតជាក់ស្តែងប៉ុណ្ណា គឺប្រកាស ប៉ុន្នឹង។

ដើម្បីជំរុញ ឲ្យដំណើរការបោះឆ្នោត លើកក្រោយមានភាពល្អប្រសើរថែមទៀត លោកថា នៅដើមខែកក្កដា ខាងមុខ គ.ជ.ប នឹងធ្វើសន្និបាត មួយដោយអញ្ជើញ គណបក្សនយោបាយទាំង១៧ ដែលចូលរួមប្រកួតប្រជែងបោះឆ្នោតឃុំ-សង្កាត់ មកជជែកពិភាក្សាផ្តល់អនុសាសន៍ និងស្វែងរកបទពិសោធន៍រួម ។

សម្រាប់លោក សុខ ឥសាន វិញ បានឲ្យដឹងដែរថា ធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យតែងតែមានអ្នកជំទាស់ចំពោះលទ្ធផលបោះឆ្នោតហើយ។ លោកថា “នេះជាសិទ្ធិរបស់គាត់ ហើយ ធ្វើម៉េចឲ្យតែត្រឹមត្រូវតាមច្បាប់ ។ អាហ្នឹងសង្គមប្រជាធិបតេយ្យ វាតែងតែមានអ្នកជំទាស់ហើយ ជំទាស់ហ្នឹងឲ្យត្រូវ តាមគោលការណ៍ច្បាប់”។

ចំពោះសម្រែក របស់គណបក្សនយោបាយមួយចំនួន មិនគាំទ្រក៏ដូចជាជំទាស់លទ្ធផលបោះឆ្នោត លោកថា ពួកគាត់ធ្វើនេះ ដើម្បីលុបលាងការ បរាជ័យរបស់ពួកគាត់តែប៉ុណ្ណោះ ព្រោះមុនពេលបោះឆ្នោតបានអួតក្អេងក្អាងថា យកជ័យជំនៈ តែជាក់ស្តែងមិនបានអ្វីដូចក្តីរំពឹង ដូច្នេះការជំទាស់គ្មានប្រសិទ្ធភាពទេ ។

លោកបន្តទៀតថា បញ្ហាសំខាន់គឺអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិជិត១សែននាក់បានវាយតម្លៃ ដំណើរការបោះឆ្នោតប្រព្រឹត្តដោយរលូន មានតម្លាភាព អត់មានបញ្ហាអ្វីមិនប្រក្រតីធ្ងន់ធ្ងរនោះទេ ។

សូមជម្រាបថា ក្រោយការបោះឆ្នោត ឃើញថា មានគណបក្សនយោបាយមួយ ចំនួនបានចូលរួមប្រកួតប្រជែងការបោះឆ្នោតដែរនោះ បង្ហាញការមិន ពេញចិត្ត ចំពោះលទ្ធផល បោះឆ្នោត ប៉ុន្តែទន្ទឹងនឹងការមិនពេញចិត្តពីសំណាកគណបក្ស មួយចំនួន ក៏មានគណបក្សផ្សេងទៀត បានចេញសេចក្តី ថ្លែងការណ៍គាំទ្រ និងអបអរសាទរផងដែរ ទោះបីជាមិនបានអាសនៈជាមេឃុំ និងចៅសង្កាត់ក៏ដោយ ។ គណបក្សចំនួន៤គាំទ្រ គឺ១.គណបក្សយុវជនកម្ពុជា , ២. គណបក្សខ្មែររួមរួមជាតិ , ៣.គណបក្សខ្មែរតែមួយ និងទី៤.គណបក្សឯកភាពជាតិខ្មែរ ៕

To Top