ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី ទាមទារឲ្យ AFC ពន្យល់ឲ្យគ្រប់គ្រាន់ ទៅលើបញ្ហា ដែលកើតឡើង

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសទី៣ សម្តេចតេជោ បានបញ្ហាញ ការយល់ឃើញ ជុំវិញបញ្ហាកើតឡើង នៃការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ កម្ពុជា-ឥណ្ឌា កាលពីរាត្រ៨ មិថុនា ដែលទាមទារឲ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ធ្វើការពន្យល់គ្រប់គ្រាន់ ជាងលើលិខិតសុំទោសកម្ពុជា អំពីកំហុសឆ្គង លើក្រុមកីឡាករជម្រើសជាតិ កម្ពុជា និងទង់ជាតិកម្ពុជា ។

មុនជំនួបរវាងឥណ្ឌា-កម្ពុជា ក្នុងការប្រកួតវគ្គជម្រុះពូល D នៃពានរង្វាន់ AFC Asian Cup 2023 នាកីឡដ្ឋាន VYBK ក្រុង Kolkata​​​​​​ ​​ប្រ​ទេស​​​​​​ឥណ្ឌា មាន​​បញ្ហា​កើ​ត​ឡើ​ង មួយចំនួន ដូចជា បញ្ហាទងជាតិកម្ពុជា ការស្នាក់នៅសណ្ឋាគារ និងការហូបចុក របស់កីឡាករខ្មែ​រជាដើម ។ ក្រោយបញ្ហាកើតឡើង សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានសរសេរលិខិត សុំទោសកម្ពុជា ដោយនឹងកែតម្រូវរាល់កំហុសឡើងវិញ ។

លោក ហ៊ុន ម៉ានី បានលើកឡើងនៅក្នុង បណ្តាញសង្គម ហ្វេសប៊ុកនាថ្ងៃ៩ មិថុនាថា នៅពេលការប្រកួតបាល់ទាត់ រវាងក្រុមជម្រើសជាតិ ២ប្រទេស (កម្ពុជា-ឥណ្ឌា) ឃើញថា ឈ្នះ ឬចាញ់ គឺជាផ្នែកមួយ នៃការប្រកួត និងកម្រិត នៃបដិសណ្ឋារកិច្ចអាស្រ័យ លើប្រទេសម្ចាស់ផ្ទះ ឬទីកន្លែងប្រកួត ។ លោកបានទាមទារថា ទោះជាយ៉ាងណាក៏ដោយ គឺត្រូវយកចិត្តទុកដាក់បំផុត នៅពេលគោរពទង់ជាតិ នៃប្រទេសជាភ្ញៀវ ។

លោក ហ៊ុន ម៉ានី បន្ថែមថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់ លើអ្វីដែលបានកើតឡើងកាលពី ម្សិលមិញ ក្នុងការប្រកួតក្របខ័ណ្ឌAFC Asian Cup ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយក្រុម ជម្រើសជាតិឥណ្ឌា ហើយអ្វីដែលបានកើតឡើងក្នុងអំឡុង ពេលគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ មិនថាវាជាកំហុស ឬបញ្ហាបច្ចេកទេសទេ ខ្ញុំសង្ឃឹមថានឹងមានការពន្យល់ គ្រប់គ្រាន់ទៅលើបញ្ហានេះ”

លោកបន្តទៀតថា “ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជា ខ្ញុំគាំទ្រសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដើម្បីស្វែងរកចម្លើយ និងការពន្យល់បន្ថែមពី AFC និងម្ចាស់ផ្ទះ។ ខ្ញុំសង្ឈឹមថា នឹងមានការប្រុងប្រយ័ត្នទុកខ្ពស់ជាងមុន សម្រាប់ព្រឹត្តិការណ៍ នាពេលអនាគត ដើម្បីកុំឲ្យបញ្ហា/កំហុសនេះកើតឡើងជាថ្មីទៀត សម្រាប់ គ្រប់ក្រុមជម្រើសជាតិ”

លោក ហ៊ុន ម៉ានី ក៏បានឲ្យពលរដ្ឋខ្មែរ អត់ធ្មត់ រង់ចាំការពន្យល់ និងផ្តោតសំខាន់ក្នុងការគាំទ្រ ក្រុមជម្រើសជាតិកម្ពុជា ដែលគ្រោងនឹងមានការ ប្រកួតពីរទៀត។

លោកបានសំណូមពរ FFC ដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារក្រុមជម្រើសជាតិ ពេលដែលពួកគេចេញទៅប្រកួតក្រៅប្រទេស ៕

To Top