ព័ត៌មានជាតិ

ប្រមុខការពារជាតិខ្មែរ កំពុងដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំកំពូល សន្តិសុខអាស៊ី លើកទី១៩ នៅសិង្ហបុរី

ភ្នំពេញ ៖ សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៉ី លើកទី១៩ (កិច្ចសន្ទនាសាំងហ្រ្គីឡា) នៅសិង្ហបុរី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលសម្រាប់ឆ្នាំ២០២២ មានកិច្ចពិភាក្សាក្នុងសម័យប្រជុំ ពេញអង្គចំនួន៧ លើប្រធានបទដូចជា៖ (១) ជំហានបន្ទាប់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសហរដ្ឋអាមេរិក , (២) ការគ្រប់គ្រងការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយ ក្នុងតំបន់ពហុប៉ូល , (៣) ការបង្កើតទម្រង់ថ្មី នៃកិច្ចសហប្រតិបត្តិការសន្តិសុខ , (៤) ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ , (៥) ចក្ខុវិស័យរបស់ប្រទេសចិនទៅលើសណ្តាប់ធ្នាប់តំបន់ , (៦) បញ្ហាប្រឈមតាមអ៊ីនធឺណិត និងការវិវត្តនៃបច្ចេកវិទ្យាការពារជាតិ និង (៧) គំនិតថ្មីសម្រាប់ការធានាស្ថិរភាពក្នុងតំបន់។

កិច្ចប្រជុំកំពូល ក៏នឹងមានក្រុមពិភាក្សាតូចៗ ក្នុងសម័យប្រជុំពិសេសចំនួន៤ ផងដែរ រួមមាន៖ (i) សន្តិសុខអាកាសធាតុ និងវិស័យការពារជាតិបៃតង, (ii) តួនាទីអាវុធនុយក្លេអ៊ែរក្នុងសន្តិសុខតំបន់, (iii) បញ្ហាមីយ៉ាន់ម៉ា៖ ការស្វែងរកវិធីសាស្រ្តឆ្ពោះទៅមុខ និង (iv) សន្តិសុខលម្ហសមុទ្រ៖ ពីក្រមសីលធម៌ឈាន ទៅទំនាក់ទំនងនៅពេលមានវិបត្តិ។

ក្នុងឱកាសចូលរួម ក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ សម្តេច ទៀ បាញ់ នឹងអញ្ជើញថ្លែងសេចក្តីថ្លែងការណ៍ ស្តីពី «ទំនើបកម្មយោធា និងសមត្ថភាពការពារជាតិថ្មីៗ» ដោយផ្តោតលើទស្សនៈ លើបញ្ហាប្រឈមនានា ដែលអាចបង្កឡើងដោយការអភិវឌ្ឍវិស័យយោធាយ៉ាងលឿន នៅក្នុងតំបន់ និងមុខងារដែលសមត្ថភាពថ្មីៗទាំងនោះ អាចដើរតួនាទីក្នុងការរក្សាតុល្យភាព ស្ថិរភាពតំបន់។

ក្នុងនាមជាប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ សម្តេចឧបនាយករដ្ឋមន្រ្តី ក៏នឹងថ្លែងគូសបញ្ជាក់អំពីគោលជំហររបស់កម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង លើកកម្ពស់តួនាទី និងសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខនានា ស្របតាមមូលបទកិច្ចប្រជុំ រដ្ឋមន្រ្តីការពារជាតិអាស៊ាន «សាមគ្គីភាពដើម្បីសន្តិសុខ ប្រកបដោយភាពសុខដុម»។

ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលខាងលើ សម្តេចក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយរដ្ឋមន្រ្តីការពារជាតិនៃបណ្តាប្រទេសមួយចំនួនដូចជា អូស្រ្តាលី ចិន សិង្ហបុរី និង សហរដ្ឋអាមេរិក ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសម ពីសំណាក់ឥស្សជនសំខាន់ៗ រួមមាននាយកគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ៕

To Top