ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ប្រកាសសាលក្រម លើសំណុំរឿងព្រហ្មទណ្ឌ អតីតឧកញ៉ា សង ថន និងអតីតអភិបាលរងខេត្តបាត់ដំបង ឈ្មោះ ស៊ូ អារ៉ាហ្វាត ជាប់ពាក់ព័ន្ធនឹងការសូកប៉ាន់ និងប្រើប្រាស់ឯកសារក្លែងក្លាយក្នុងការកាន់កាប់ដីធ្លី ប្រមាណ ៥.០០០ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រព្រឹត្តកាលពីឆ្នាំ២០២០ ។
សាលាដំបូងរាជធានីភ្នំពេញបានសម្រេច ផ្តន្ទាទោសទោស ពួកគេទាំង២នាក់ ជាប់គុកក្នុងម្នាក់ៗកំណត់៧ឆ្នាំ និងបង្គាប់ឱ្យសងប្រាក់ ចំនួន $២៥,០០០ ក្នុងម្នាក់ ដាក់ចូលថវិកាជាតិ ។ តែតុលាការ បានប្រកាសបើកផ្លូវឲ្យពួកគេមានសិទ្ធិ ប្តឹងជំទាស់ទៅកាន់ សាលាឧទ្ធរណ៍ តាមនីតិវិធីច្បាប់។
លោក ពេជ្រ វិជ្ជាធម៌ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ឈ្មោះ សង ថន ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ« ប្រើប្រាស់ឯកសារសាធារណៈក្លែង , បទផ្តើមគំនិតក្នុង អំពីបំផ្លិចបំផ្លាញដោយចេតនា , បទគៃបំបាត់ដោយទុច្ចរិត, និ បទ: សូកប៉ាន់» តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ចំណែកឯជនជាប់ចោទ ឈ្មោះ ស៊ូ អារ៉ាហ្វាត ត្រូវជាប់ចោទពី: «ទទួលសំណូក, បំផ្លិចបំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត» ។
ជនជាប់ចោទទាំង២នាក់ ត្រូវបានចាប់ឃាត់ ខ្លួនដោយអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) កាលពីលា្ងចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និង ថ្ងៃ ទី ១ ខែកក្កដា ឆ្នាំ ២០២០ជាប់ ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ និង អំពើស៊ីសំណូក សូកប៉ាន់គ្នា ក្នុងការកាន់កាប់ ដីធ្លី ប្រមាណ ៥,០០០ ហិកតា ស្ថិតនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង៕ ដោយៈ លីហ្សា