ព័ត៌មានជាតិ

ផ្លាកលេខយានយន្ដមានស្នាម ឆ្កូត ឬប្រឡាក់ សមត្ថកិច្ចមិនផាកពិន័យទេ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺជូនសាធារណៈជូនថា ករណីផ្លាកលេខយានយន្ដ មានស្នាមឆ្កូត ឬប្រឡាក់ សមត្ថកិច្ច មិនផាកពិន័យនោះទេ។

ការឡើងរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីមានការចែកចាយ ព័ត៌មានមិនពិតមួយចំនួន ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសពាក់ព័ន្ធ រឿងផ្លាកលេខយានយន្ត មានស្នាមឆ្កូត ឬប្រឡាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា «សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សព្វផ្សាយដោយគ្មានការពិត ខ្វះការយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៃព្រះរាជាណាចក្រកម្ពុជា ។ បុគ្គលរូបនេះ បានធ្វើការផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គម Tik Tok ថាសមត្ថកិច្ចនឹងធ្វើការផាកពិន័យ ចំពោះយានយន្តណាដែលពាក់ផ្លាក មានស្នាមប្រឡាក់ ឆ្កូត»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្ដថា នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ ក្នុងការបំពុលបរិយាកាសសង្គម ជាពិសេសក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់។

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងទៀតថា ជាក់ស្តែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច “ច” គឺអនុវត្តក្នុងការផាកពិន័យ លើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ៕

To Top