ភ្នំពេញ៖ ជនជាតិថៃត្រូវចោទ ចំនួន ៣នាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំកាត់ទោសតាមច្បាប់ ពាក់ព័ន្ធនឹងការរក្សាទុក និងជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចមុខអគារបុគ្គលិកកាស៊ីណូ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់លោកចៅក្រមស៊ើបសួរ ឲ្យដឹងថាជនត្រូវចោទ ជនជាតិថៃទាំង៣នាក់មានឈ្មោះ ៖ ទី១-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ទី ២-ឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ ភេទប្រុស អាយុ ២២ ឆ្នាំ។ និង ទី ៣-ឈ្មោះ ផានុវាត់ អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ ។
ពួកគេទាំង៣នាក់ ជាបុគ្គលិកធ្វើការជាមួយ ក្រុមហ៊ុនកាស៊ីណូថៃ និងស្នាក់នៅបន្ទប់លេខ A5 ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពួកគេទាំង៣នាក់ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: រក្សាទុកនិងជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចកើតហេតុ ខាងលើ។ សមត្ថកិច្ចនគរបាលរឹបអូសបាន គ្រឿងញៀន ប្រភេទម៉ាទឹកកកចំនួន ១២៨កព្ចាប់ ទមានម្ងន់ ៣៧២ក្រាម, ទូរស័ព្ទ ចំនួន២គ្រឿង, ដែកកេះ ចំនួន៧, កាបូបចំនួន២, និង សម្ភារវេចខ្ចប់ មួយចំនួនទៀត៕ ដោយ: លីហ្សា