ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោកមេបញ្ជាការកងពលតូចលេខ៧០ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជេីងគោក បានអញ្ជេីញជាគណៈធិបតី ក្នុងកម្មពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន (AARM32/2022) និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីង នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានសម្តែងនូវការកោតសរសេីរ ចំពោះលទ្ធផលរបស់សិក្ខាកាមវគ្គបំប៉នជំនាញបាញ់កាំភ្លេីងដៃ កងទ័ពជេីងគោក អាស៊ាន និងវគ្គបំប៉នគ្រូបង្គោលបច្ចេកទេសអាវុធថ្មេីរជេីងដែលបានខិតខំហ្វឹកហ្វឺនរៀនសូត្រ ចាប់តាំងពីថ្ងៃបេីកវគ្គ រហូតដល់បញ្ចប់វគ្គ ដោយទទួលបានលទ្ធផលជោគជ័យ ក្នុងការសិក្សា និងសុវត្តិភាព។
លោកមេបញ្ជាការកងពល បានមានប្រសាសន៍បន្ថែមទៀតថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកវិស័យហ្វឹកហ្វឺន គឺជាការងារដ៏មានសារៈសំខាន់ចាំបាច់ ដេីម្បីឆ្លេីយតបទៅនឹងការអនុវត្តផែនការ កែទម្រង់របស់ខ្លួន។ ក្នុងន័យនេះ ការងារហ្វឹកហ្វឺនគឺជាកិច្ចការអធិភាព ដែលត្រូវដំណេីរការដូចភ្លៀងរលឹម ដេីម្បីចូលរួមចំណែក អនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តការពារជាតិរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ អគាររដ្ឋបាល សាលប្រជុំ នៃទីស្តីការក្រសួងការពារជាតិ ត្រូវផ្តួចផ្តេីមការពាររបបរាជានិយម ការពាររាជបល័ង្គ ការពារព្រះមហាក្សត្រ ហេីយរាល់ការប៉ុនប៉ងផ្តួលរលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលេីកលែងបាន ហេីយត្រូវបន្តគាំទ្រ ឯកឧត្តមហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត៕