ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថាការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែ ការធ្វើទំនើបកម្ម នៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ នេះបើយោងតាមនាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ។
ជាមួយគ្នានេះ សម្ដេច ទៀ បាញ់ បញ្ជាក់ថា “សម្រាប់ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ច ចំពោះការជួយឧបត្ថម្ភគាំទ្រពី សំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់ នូវការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក” ។
ថ្លែងក្នុងកិច្ចប្រជុំកំពូល សន្តិសុខ អាស៊ីលើកទី១៩ នៅសិង្ហបូរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ សម្តេចពិជ័យសេនា បានបន្តថា «កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុ ត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យ និងបូរណភាពទឹកដី របស់យើងរៀងៗខ្លួន។ ក្រៅពីនោះ យើងត្រូវការចាំបាច់ នូវសមត្ថភាពទាន់សម័យ សម្រាប់ឆ្លើយតបទៅនឹងការគំរាមកំហែង រួមមានជាអាទិ៍ ការប្រឆាំងអំពើភេរវកម្ម ការធានាសន្តិសុខ ផ្លូវសមុទ្រ ការសង្គ្រោះគ្រោះមហន្តរាយ ការចូលរួមកិច្ចប្រតិបត្តិការ រក្សាសន្តិភាពអង្គការ សហប្រជាជាតិ»។
សម្តេចពិជ័យសេនា បន្ថែមថា កត្តាសំខាន់បំផុត នៅក្នុងកិច្ចការទាំងនេះ គឺការប្រើប្រាស់សមត្ថភាពយោធា ក្នុងគោលបំណងសុចរិត ត្រឹមត្រូវតាមច្បាប់ និងបម្រើ ឲ្យផលប្រយោជន៍រួម នៃមនុស្សជាតិ។ កម្ពុជានាពេលបច្ចុប្បន្ន អាចចាត់ទុកថាកំពុងរីករាយ នៅក្នុងសន្តិភាពនិងស្ថិរភាព ដែលបានមកដោយ លំបាក ជាទីបំផុត តាមរយៈស្មារតី បង្រួបបង្រួមជាតិ ឯកភាពជាតិ និងគោលនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយកំពុងខិតខំ អភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ ជាជំហានៗ ប្រកបដោយសច្ចៈភាព ប្រជាធិបតេយ្យសេរីពហុបក្ស និងកិច្ចសហប្រតិបត្តិការមិត្តភាព និងភាតរភាព ជាមួយបណ្តាប្រទេសនានា នៅលើសកលលោក ។
សម្ដេចបន្តថា ប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំចុង ក្រោយនេះត្រូវបានសារព័ត៌មាន បរទេសមួយចំនួន និងបច្ចឹមប្រទេសជាពិសេសសហរដ្ឋអាមេរិក ចោទប្រកាន់ថា បានអនុញ្ញាតឱ្យចិន តាំងមូលដ្ឋានទ័ព នៅក្នុងប្រទេស ។ ការវាយប្រហារនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានវាយកម្ទេចអគារមួយ ដែលជាជំនួយរបស់សហរដ្ឋអាមេរិក នៅមូលដ្ឋានកងទ័ពជើងទឹករាម ។
ទាក់ទងទៅនឹងការធ្វើទំនើបកម្ម នៅមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា «កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យភាព អធិបតេយ្យ និងសិទ្ធិពេញលេញ ក្នុងការចាត់ចែង វាសនាប្រទេសជាតិ របស់ខ្លួន ដូចមានចែងនៅក្នុងមាត្រា៥៣ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានខ្លឹមសារ “ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាត ឲ្យមានមូលដ្ឋានយោធា បរទេសនៅលើ ទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាតឲ្យ មានមូលដ្ឋានយោធារបស់ខ្លួន នៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌ នៃសំណូមពររបស់អង្គការ សហប្រជាជាតិ ។ ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស” ។ តែគួរឲ្យស្តាយ កម្ពុជាទទួលរងការចោទប្រកាន់ឥតឈប់ឈរថា កំពុងផ្តល់ភាពផ្តាច់មុខដល់បរទេស ដើម្បីគ្រប់គ្រងមូលដ្ឋាននេះ» ។
សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជាយ៉ាងពេញទី។
សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា កម្ពុជាគឺនៅតែជាម្ចាស់ នៃមូលដ្ឋានកងទ័ពជើងទឹករាម ជាដរាប ហើយការអភិវឌ្ឍមូលដ្ឋាននេះទៀតសោត មិនមែនជាការគំរាមកំហែង ដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ ។ យើងចាត់ទុកការចោទប្រកាន់ សព្វបែបយ៉ាងនេះ ជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបញ្ជាក់ឡើងវិញថា «ការអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្ម នៅមូលដ្ឋានរាមប៉ុណ្ណោះទេ ។ យើងនឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានា ដល់ការការពារអធិបតេយ្យ និងបូរណភាពទឹកដី របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញ បាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ជាដើម» ។
សម្តេចពិជ័យសេនា បានថ្លែងទៀតថា កម្ពុជានឹងបន្តលើកកម្រិតសមត្ថភាព កងទ័ពជើងទឹក កងទ័ពជើងអាកាស និងប្រព័ន្ធការពារអាកាស ដែលមាន លទ្ធភាពអាចគ្រប់គ្រងដែនសមុទ្រ និងដែនអាកាសរបស់កម្ពុជាបាន។ ទន្ទឹមនឹងនេះ កងទ័ពជើងគោកកំពុងទទួលបាននូវសម្ភារសឹកធុនធ្ងន់ និងទំនើបជាបន្តបន្ទាប់ សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមតម្រូវការចាំបាច់។ កម្ពុជាជាប្រទេសតូច តែស្នេហាសន្តិភាពយ៉ាងជ្រាលជ្រៅ គ្មានចេតនា បង្កការគំរាមកំហែង ដល់ប្រទេសណាមួយ ហើយកម្ពុជាក៏មិនដែលជំទាស់ នឹងការអភិវឌ្ឍសមត្ថភាពកងយោធា របស់ប្រទេសដទៃ នោះឡើយ ។ សម្តេចពិជ័យសេនា អះអាងដែរថា គោលដៅចម្បង របស់កម្ពុជា គឺរស់នៅក្នុងសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ជាភាតរៈនិងស្មើមុខស្មើមាត់គ្នា ជាមួយនឹងប្រទេសជិតខាង និង ប្រទេសនៅក្នុងតំបន់ ហើយយើងចង់បានត្រឹម តែមានសមត្ថភាព ដើម្បីការពារខ្លួន និងមានលទ្ធភាពចូលរួម កសាងសន្តិភាព ក្នុងតំបន់និងសកលលោក តែប៉ុណ្ណោះ ។ វាមិនយុត្តិធម៌ទេ ហើយក៏មិនអាចទៅរួចដែរ ដែលយើងត្រូវបានចាប់ បង្ខំឲ្យស្ថិតនៅក្នុងស្ថានភាព តោកយ៉ាក ចាស់គំរិល ឬដើរថយក្រោយ ខណៈដែលអ្នកដទៃ ប្រឹងពង្រីកអំណាច និងឥទ្ធិពលផ្នែកយោធា នៅស្ទើរគ្រប់ទីកន្លែង។
ជាចុងក្រោយសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍសមត្ថភាព កងយោធពលខេមរភូមិន្ទ កម្ពុជានៅតែស្វាគមន៍ និងបើកចំហរជានិច្ច ចំពោះការជួយឧបត្ថម្ភគាំទ្រពី សំណាក់បណ្តាប្រទេសជាមិត្តនានា ដោយមិនប្រកាន់និន្នាការ ការរើសអើង និងប្រកាន់ខ្ជាប់នូវការគោរពផល ប្រយោជន៍គ្នាទៅវិញទៅមក ៕