ភ្នំពេញ៖ ក្រោយពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៥ មិថុនា កន្លងទៅថ្មីៗនេះ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានបង្ហាញនូវរូបថត និងសកម្មភាពជួបជុំគ្នា រវាងសកម្មជន នយោបាយទាំងបក្សកាន់អំណាច និងបក្សប្រឆាំង ប្រកបដោយភាពស្និទស្នាល ព្រមទាំងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ និងរិះរកគំនិតថ្មីៗ ដើម្បីអភិវឌ្ឍន៍ភូមិឋាន។

សូមបញ្ជាក់ថា ភូមិព្រៃស្នួល ជាភូមិមួយស្ថិតក្នុង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ហើយក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានយកឈ្នះលើបក្សនយោបាយនានា ជាពិសេសនោះ គឺអាចយកឈ្នះគណបក្សភ្លើងទៀន ដែលធ្លាប់តែមានអ្នកគាំទ្រច្រើន នាពេលបោះឆ្នោតកាលពីអាណត្តិមុនៗ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ លោក សយ សុភាព បានបង្ហោះនូវរូបថត និងសរសេរជាខ្លឹមសារទាំងស្រុងថា “ទោះជាពូៗ មកពីបក្សភ្លើងទៀន យើងជុំគ្នាពិសារបាយសាមគ្គី ក្នុងនាមជាអ្នកភូមិតែមួយ និងពិភាក្សាគ្នាអំពីបន្តអភិវឌ្ឍន៏ភូមិតទៅទៀត”។

លោក សយ សុភាព បន្តថា “យើងខ្ញុំនឹងខិតខំអភិវឌ្ឍន៏ ឱ្យទៅជាភូមិគំរូទូទាំងឃុំ នឹង មានបំណងប្រលងប្រណាំង ជាមួយភូមិផ្សេងទៀត ក្នុងស្រុកសំរោងទាំងមូល”។

លោកបន្ថែមថា “ភូមិព្រៃស្នូល ជាភូមិគណបក្សប្រជាជានកម្ពុជា មិនដែលឈ្នះឆ្នោត តែពេលវេលានេះបានផ្លាស់ប្តូរអស់ហើយ”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះបានជួយផ្ទាល់អភិវធ្ឍន៏ភូមិដូចជាអំពូលសឡាចំនួនជាង២០០ដើម។ ពោលភ្លឺពេញភូមិនិងផ្លូវ ទៅកាន់វត្តអង្គទំលាប់ ចំងាយជាង១គម ពីភូមិ មានទឹកស្អាត អគ្គិសនី តង់ស្យុងខ្ពស់ អូសខ្សែទៅដល់ភូមិមានប្រឡាយទឹកមេធំ អាចបំរើទេសចរណ៏ មានប្រឡាយរងទើបស្តារបានជំហ៊ានទី១ប្រវែង២០០ម៉ែត្រ និងបន្ត៣០០ម៉ែត្រទៀត នៅឆ្នាំក្រោយ ហើយនឹងអាចធ្វើស្រែប្រាំងបាន ២ដងក្នុងមួយឆ្នាំ។ ក្រៅពីនោះយើងផ្តោតការយកចិត្តទុកដាក់ បញ្ហាបរិស្ថាន ។




ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានព្រមានជនឆ្លៀតឱកាស លក់និងទិញដីបឹង ដោយខុសច្បាប់ ហើយនឹងប្តឹងទៅអាជ្ញាធរពាក់ព័ន្ធ។ លោកថា បើបុគ្គណាប្រុងប្រព្រឹត្តខុសច្បាប់ខាងលើ សូមដកខ្លួនចេញជាបន្ទាន់ កុំឱ្យខ្មាស់គេ។
លោកបញ្ជាក់ថា “ភូមិព្រៃស្នួល មិនដូចពីមុនទេ ព្រោះយើងរួមគ្នាកសាង និងការពារទ្រព្យសម្បត្តិសាធារណៈ។ អ្នកភូមិសូមស្វាគមន៏ដៃដូអភិវឌ្ឍន៏ស្របច្បាប់ទាំងអស់ ដែលមានបំណងសហការជាមួយ។ អ្នកភូមិសូមធានាទាំងស្រុងនូវ គណនេយ្យភាព និង តម្លាភាពចំពោះមុខច្បាប់”។
