ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ទូតEU ថា កម្ពុជាមាន២ គឺកម្ពុជាពិត និងកម្ពុជាលើសារព័ត៌មាន

ភ្នំពេញ ៖ ថ្លែងចំពោះមុខលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតរបស់សហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រាប់ថា កម្ពុជាមាន២ គឺកម្ពុជាពិត និងកម្ពុជាលើ សារព័ត៌មាន ។ កម្ពុជាលើសារព័ត៌មាន គឺផ្សេងពីការពិតជាក់ស្តែង ។

ការលើកឡើងរបស់ សម្ដេចតេជោបែបនេះ ក្រោយពីក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែវាយប្រហារ និងលើក ឡើងអាក្រក់ពីកម្ពុជា ប្រាប់ទៅលោកស្រី Carmen Moreno ។

ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានផ្ដាំផ្ញើដល់លោក ស្រីឯកអគ្គរដ្ឋទូតថា បើសិនលោកស្រី ស្ដាប់គេនិយាយជាភាសាអង់គ្លេស ឬបារាំង គេនិយាយល្អ ប៉ុន្ដែបើលោក ស្រី បកជាភាសាខ្មែរវិញ តើគេប្រមាថមើលងាយកម្ពុជាយ៉ាងម៉េចខ្លះ?

សម្ដេចតេជោបានបញ្ជាក់ថា «កម្ពុជាមាន២ លោកជំទាវ កម្ពុជាពិតគឺដូច្នេះ កម្ពុជាលើសារព័ត៌មានគឺផ្សេង ។ ចឹងបើសិនលោកជំទាវ យកចិត្តទុកដាក់ការបង្ហោះលើហ្វេសប៊ុក លោកជំទាវឲ្យគេបកប្រែជាភាសាខ្មែរ ទៅអង់គ្លេស ទៅបារាំង គឺលោកជំទាវ អាចដឹងគេធ្វើអ្វី និយាយអាក្រក់ណាស់»។

សម្ដេចតេជោបន្ដថា បើគេនិយាយភាសាអង់គ្លេស ឬបារាំងវិញ គេនិយាយយកល្អ ដូច្នេះអ្នកការទូតនៅ ក្រៅប្រទេសវាយតម្លៃទៅថា ពួកក្រុមប្រឆាំងនិយាយល្អទៅវិញ ប៉ុន្ដែអត់ដឹងថា ជាភាសាញុះញង់ ឲ្យមានការរើសអើងនៅកម្ពុជា៕

To Top