នយោបាយ

សម្ដេចតេជោ ឲ្យរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច បន្ទាប់ពីត្រៀមខ្លួន ទទួលយកការពិត នូវបញ្ហាសេដ្ឋកិច្ចថមថយ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ត្រូវត្រៀមខ្លួនទទួលយកការពិត នូវបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដ-១៩ និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ដូច្នេះរួបរួមគ្នារក្សា ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាកម្លាំងទិញនៃប្រាក់រៀលឲ្យបានល្អ។

ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាល ឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល ជាង២ពាន់នាក់ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជា កំពុងតែរើបឡើងវិញ បន្ទាប់ពីកូវីដ-១៩ ប៉ុន្ដែមិននឹកស្មានថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន បានចាប់ផ្ដើមដាក់បន្ទុក ទៅលើប្រទេសនានា ក្នុងពិភពលោក ។

សម្ដេចតេជោបញ្ជាក់ថា «យើងត្រូវត្រៀម ខ្លួនទទួលយកនូវការពិតមួយ ស្តីពីបញ្ហាសេដ្ឋកិច្ចថមថយ ផ្តើមចេញពីកូវីដផង និងផ្ដើមចេញសង្គ្រាម នៅអ៊ុយក្រែនផង ។ រឿងនេះ គឺជារឿងដែលត្រូវរួមគ្នាខិតខំ ដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ឲ្យបានល្អ ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល»។

សម្ដេចតេជោបន្ដថា ចំពោះបញ្ហាសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ននេះ តាមការវាយតម្លៃ របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងIMF មានភាពខុសៗគ្នា ប៉ុន្ដែសម្ដេច ក៏បានប្រាប់សហការីថា «កុំខ្វល់ រឿងបញ្ហាវាយតម្លៃ សំខាន់បំផុត យើងធ្វើបានប៉ុន្មានពិតប្រាកដ»។

សម្ដេចតេជោបន្ថែមថា ការខិតខំរបស់កម្ពុជា ដើម្បីរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញនៃប្រាក់រៀល គឺត្រូវតែបន្ដទៀត ពិសេសបន្ដរក្សា សន្សំសំចៃឲ្យបានខ្ពស់ ដើម្បីទប់ទល់ជាមួយសភាពការណ៍ ដែលបានកំពុងកើត ។ សម្ដេចទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជា មិនទាន់ដល់ហានិភ័យ នៃការដួលរលំនោះទេ ។

សម្ដេចតេជោបន្ដថា ៣ខែ ដើមឆ្នាំ២០២២ កម្ពុជានាំចេញទៅក្រៅប្រទេស កើនឡើង៣% ។ ដោយឡែក វិស័យកសិកម្ម ស្រូវ ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ នៅកម្ពុជានៅមាន។ សម្ដេចថា វិបត្តិស្បៀង នឹងក្លាយជាវិបត្តិសកលតែម្ដង ក្រោយពីសង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងកើតមានឡើង៕

To Top