ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅឆ្នាំ២០២២នេះ នឹងដំឡើងប្រាក់បៀរវត្ស (ប្រាក់ខែ) ជូនដល់មន្រ្តីរាជការ ដោយក្នុងនោះ សម្រាប់គ្រូពេទ្យនិគ្រូបង្រៀន ទាបបំផុត១លានកន្លះ។
ការប្រកាសដំឡើងប្រាក់បៀរវត្ស ជូនមន្រ្តីរាជការបែបនេះ ធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាល បានកាត់បន្ថយការចំណាយជាច្រើន ពីការគ្រប់គ្រងជំងឺកូវីដ១៩ ដែលរាតត្បាតសកលលោក រួមទាំងកម្ពុជា អស់រយៈពេលជាង ៣ឆ្នាំកន្លងមកនេះ។
ថ្លែងចេញពីក្នុងវេទិកា នៃកម្មពិធីបិទវគ្គបណ្តុះបណ្តាល ឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ បានមានប្រសាសន៍ថា “យើងខានដំឡើងបៀវត្ស ឆ្នាំ២០២០ក៏មិនបានឡើង ២០២១ក៏មិនបានឡើង ឥឡូវឆ្នាំ២០២២នេះ យើងនឹងចាប់ផ្ដើមឡើង តែឡើងនឹងមិនគិតជាភាគរយទេណា ឡើងតាមរបៀប អ្នកប្រាក់ខែតិចឡើងបានច្រើនជាង អ្នកប្រាក់ខែខ្ពស់ហើយឡើងតិចជាង “។
សម្ដេចតេជោ បញ្ជាក់ថា “គ្រូបង្រៀន និងគ្រូពេទ្យទាបបំផុត ឱ្យបាន១លានកន្លះ “។
បន្ថែមលើសពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យរៀបចំតំឡើងពិដាននៃប្រាក់បៀវត្ស (របាំងពន្ធ) រវាងមន្រ្តីដែលមានប្រាក់ខែទាបនិងខ្ពស់ជាងគេ ផងដែរ។
ដោយសម្ដេចបញ្ជាក់ថា ” ដើម្បីជៀសវាងអ្នកដែលមាន ប្រាក់ខែទាបជាងគេជាប់ពន្ធ អ្នកដែលមានប្រាក់បៀរវត្ស ក្រោម១លាន៥សែនមួយរៀល អត់ជាប់ពន្ធ ឡើងលើស១រៀលនឹងជាប់ពន្ធ (អ្នកដែលមានប្រាក់ខែ ខ្ពស់ជាងចាំចាប់ពន្ធ)” ៕