ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា រយៈកាលកន្លងទៅ តាមរយៈមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង កម្ពុជាទទួលបាន អត្ថប្រយោជន៍ ពីគម្រោងជាក់ស្ដែងចំនួន ៨០ ដែលមានឥទ្ធិពលវិជ្ជមាន យ៉ាងធំធេង ទៅលើការរស់នៅរបស់ប្រជាជន ។
ក្នុងពិធីចុះហត្ថលេខាសម្រាប់កិច្ចព្រមព្រៀង ស្ដីពី មូលនិធិពិសេស សម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២ ជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃ១៣ មិថុនា លោក ប្រាក់ សុខុន មានប្រសាសន៍ថា ចាប់តាំងពីដាក់ឲ្យប្រើប្រាស់ឆ្នាំ២០១៦មក មូលនិធិពិសេស នេះ បានផ្ដល់លទ្ធផលជាក់ស្ដែង និងបានរួមចំណែកក្នុងការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃ ប្រទេសមេគង្គ-ឡានឆាង ។
លោកបានថ្លែងអំណរគុណចំពោះការបន្តរួមចំណែក និងការគាំទ្ររបស់ប្រជាជន និងរដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។ ឆ្នាំនេះកម្ពុជាបានទទួលគម្រោងថ្មី ចំនួន ១៣ បន្ថែមទៀត ដែលមានថវិកាជាង ៤លានដុល្លារ ។ គម្រោងថ្មីៗទាំងនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការដោះស្រាយតម្រូវការអភិវឌ្ឍន៍នៅកម្ពុជា លើវិស័យអភិវឌ្ឍន៍ជនបទ ធនធានទឹក កសិកម្ម បរិស្ថាន ការកសាងសមត្ថភាព និងបេតិកភណ្ឌវប្បធម៌ ។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា «រយៈកាលកន្លងទៅ តាមរយៈ មូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនេះ កម្ពុជាទទួលបានអត្ថប្រយោជន៍ ពីគម្រោងជាក់ស្ដែង ចំនួន៨០ ដែលមានឥទ្ធិពលវិជ្ជមានយ៉ាងធំធេង ទៅលើការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដ៏រឹងមាំ និងធន់ ក៏ដូចជារួមចំណែកដល់ការលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន នៅទូទាំងអនុតំបន់ ផងដែរ» ។
លោកបន្ថែមថា ខែក្រោយ លោកនឹងធ្វើដំណើរ ទៅកាន់ទីក្រុងបាហ្កាន ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ ។ លោកនឹងបន្តរិះរក គ្រប់មធ្យោបាយថែមទៀត ដើម្បីសម្រេចលទ្ធផលជាក់ស្ដែង សម្រាប់ប្រទេសមេគង្គ ។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បញ្ជាក់សារជាថ្មី នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយមិត្តចិន និងប្រទេស មេគង្គទាំងអស់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឲ្យឡើង ដល់កម្រិតខ្ពស់ថ្មីមួយសំដៅកសាង សហគមន៍មួយឲ្យកាន់តែបើកចំហ ប្រកបដោយបរិយាបន្ន និងដែលមានអនាគតរួមគ្នាប្រកបដោយសន្តិភាព វិបុលភាព និង ការអភិវឌ្ឍប្រកបដោយចីរភាព ៕