ព័ត៌មានជាតិ

អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកវោហារសាស្រ្ដ ពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន គ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះពលរដ្ឋខ្មែរអាមេរិកកាំងមួយចំនួន ដែលបានប្រឌិតព័ត៌មាន និងវាយប្រហារតាមរយៈបណ្ដាញផ្សព្វផ្សាយបរទេសជាខេមរភាសា ដោយវោហារសាស្រ្ដខុសពីការពិត គ្មានការទទួលខុសត្រូវ ស្ដីពីការអនុវត្តរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមរយៈសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចាត់ទុកថា «វោហារសាស្រ្ដគ្មានតម្លៃជាប្រជាពលរដ្ឋថ្លៃថ្នូរ ជាពិសេសជាអ្នករស់នៅក្នុងអរិយប្រទេស រួចទៅហើយនោះ គឺបញ្ជាក់បង្ហាញពីចេតនាទុច្ចរិតបង្កាច់បង្ខូច និងឥរិយាបទប្រទូសរ៉ាយជាមួយមាតុប្រទេសរបស់ខ្លួន»។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមសម្ដែងនូវមោទកភាព ចំពោះការអនុវត្តរដ្ឋធម្មនុញ្ញជាប្រចាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នកំពូលៗរបស់ជាតិដទៃទៀត ដែលរួមគ្នារក្សាបាននូវសុខសន្ដិភាព ជៀសផុតពីវិបត្តិរដ្ឋធម្មនុញ្ញ ធានាបានស្ថិរភាពនយោបាយ ព្រមជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ប្រកបដោយភាពស្មើមុខស្មើមាត់ ជាមួយបណ្ដាប្រទេសនានាក្នុងសាកលលោក។

រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ព្រមទាំងឥស្សរជនខ្មែរគ្រប់រូប បានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ និងការរស់រានមានជីវិតរបស់ ប្រជាពលរដ្ឋខ្មែរគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ស្របតាមខ្លឹមសារដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ៕

To Top