ព័ត៌មានជាតិ

លោក លី ធុជ ស្នើអូស្ត្រាលី បន្តជួយគាំទ្រដល់ ការងារបោសសម្អាតមីននៅកម្ពុជា រហូតដល់បញ្ចប់

ភ្នំពេញ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធាន ទី ១ អាជ្ញាធរមីន បានស្នើទៅកាន់ភាគីអូស្រ្តាលី ឱ្យបន្តជួយគាំទ្រដល់ការងារបោសសម្អាតមីន រហូតដល់កម្ទេចគ្រាប់​មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅ ឆ្នាំ២០២៥ ក៏ដោយ ។

ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សា ការងារជាមួយ លោកស្រី Kathryn Campbell រដ្ឋលេខាធិការនៃ​ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ស្តីពីភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ នឹង វិស័យសកម្មភាពមីន នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។

ក្នុងជំនួបនេះលោក លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជួយគាំទ្រដល់វិស័យសកម្មភាពមីន មនុស្សធម៌ នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រ ដល់គម្រោងបោសសម្អាតមីន ចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្រ្គោះ​ដល់អាយុជីវិត បានរាប់លាននាក់ឲ្យរួចផុត ពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោក លី ធុជ បានលើកឡើងជម្រាប ប្រាប់ លោក ស្រី រដ្ឋលេខាធិការ អំពី សមិទ្ធផលរយ:ពេល ៣០ឆ្នាំ ចាប់ តាំងពីឆ្នាំ ១៩៩២ នៃការចាប់ផ្តើមកម្មវិធីសកម្មភាពមីន មនុស្សធម៌នៅកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមរបស់ ប្រទេសម្ចាស់ ជំនួយ និងដៃគូអភិវឌ្ឍន៍ ក្នុងនោះប្រទេស​អូស្រ្តាលី គឺជាដៃគូដ៏លេចធ្លោ និងរឹងមាំ សម្រាប់វិស័យសកម្មភាពមីន នៅកម្ពុជា។

ជាមួយនឹងសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ដោយកំណត់​គោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥។ ដើម្បី សម្រេចគោលដៅនេះ កម្ពុជា ត្រូវ ការបោសសម្អាតមីនលើផ្ទៃដី ប្រមាណ ១៦០គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា អាចមានលទ្ធភាពបោសសម្អាត បានត្រឹម​តែពី ៩០-១០០គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ ។

លោកស្រី Kathryn Campbell បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបាន នៃការងារបោស​សម្អាតមីន នៅកម្ពុជា ហើយលោកស្រី នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន នៅកម្ពុជា ព្រមទាំងពាំនាំនូវ សំណើសុំ និងលទ្ធផលនៃកិច្ចប្រជុំនេះ ជម្រាបប្រាប់រដ្ឋាភិបាលអូស្រ្តាលី ផងដែរ ៕

To Top