ព័ត៌មានជាតិ

ប៉ូលិស បើកម៉ូតូក្នុងស្ថានភាពស្រវឹងរេពេញផ្លូវ ត្រូវផ្អាកការងារ និងដកបញ្ឈរជើង ៣ខែ (Video)

ភ្នំពេញ៖ មន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបើកបរម៉ូតូ ក្នុងស្ថានភាព ស្រវឹងរេពេញផ្លូវ ត្រូវបានការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃ ។

ការផ្អាកការងារ និងដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍រូបនេះ ធ្វើឡើងបន្ទាប់ពីឃើញការចុះផ្សព្ធផ្សាយ នៅលើបណ្តាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ដែលធ្វើប៉ះពាល់ធ្ងន់ធ្ងរដល់ កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា «ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្ត តាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាម បទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យ ចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរ ជើងរយៈពេល ៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃ»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ជា ព័ត៌មាន ក៏ដូចជារូបភាពទាក់ទងបញ្ហានេះ ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយនឹង ទទួលនូវការរិះគន់ក្នុងន័យស្ថាបនា ៕

To Top