ភ្នំពេញ៖ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារតាមដានអំពីការដោះស្រាយ ចំពោះមតិយោបល់ ឬសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឆ្លើយតប និងដោះស្រាយចំនួន ៨គណនី។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ មិថុនា សម្ដេច ស ខេង បានឲ្យដឹងថា កាលពីខែឧសភា ឆ្នាំ២០២២ ក្រុមការងារ ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣២គណនី។
សម្ដេច បានថ្លែងបញ្ជាក់ថា «ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន ៨គណនី និង១៣២ គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថា ខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរ ទៅស្ថាប័នមានសមត្ថកិច្ច»។
សម្ដេច បន្ដថា វឌ្ឍនភាពការងារនេះ អាចសម្រេចបាន ដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ សម្ដេច។
លើសពីនេះ សម្ដេច ស ខេង ក៏បានកោតសរសើរដល់មន្ត្រី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំដោះស្រាយបញ្ហា សំណូមពរ និងសំណួរនានារបស់ប្រជាពលរដ្ឋ តាមកាតព្វកិច្ចរបស់ខ្លួន ដែលជាអ្នកបម្រើប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការ បក្ខពួក និង ផលប្រយោជន៍។
សម្ដេច បញ្ជាក់បន្ថែមថា «ខ្ញុំក៏សុំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ដែលស្ថិតក្រោមសមត្ថកិច្ច ក្រសួងមហាផ្ទៃទាំងអស់ គប្បីខិតខំពន្លឿនការដោះស្រាយ ហើយការដោះស្រាយទាំងអស់នោះ ត្រូវតែធានាឲ្យបានល្អ គ្រប់ជ្រុងជ្រោយពិតប្រាកដ នៃបញ្ហា និងចប់ចុងចប់ដើមដោយមិនគ្រាន់តែធ្វើជាលិខិតស្នាម បញ្ជាតាមបែបបទរដ្ឋបាលនោះទេ»។
សម្ដេច បានថ្លែងអំណរគុណ ចំពោះជនរួមជាតិ បានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់ សម្ដេច តាមរយៈទំព័រហ្វេសប៊ុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិ។
ជាងនេះទៅទៀត សម្ដេច ស ខេង ក៏សុំការយល់យោគអធ្យាស្រ័យ ពីជនរួមជាតិ ចំពោះករណីមួយចំនួនទៀត ដែលក្រុមការងារ និងភាគីពាក់ព័ន្ធ នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះ ទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕