ភ្នំពេញ: សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នេះ បានប្រកាសសាលក្រម លើសំណុំរឿងក្តីរបស់លោកសម រង្ស៊ី និង គូកនប្រមាណ៥០នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើស ញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និង ការរួមគំនិតក្បត់ ដែលមានចេតនា ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់ អតីតមេដឹកនាំគណបក្ស ប្រឆាំង លោកសម រង្ស៊ី ប្រព្រឹត្ត ចន្លោះពីឆ្នាំ២០១៨ និង ២០១៩ ។

តុលាការបានសម្រេចផ្តន្ទា ពួកគេ ដោយអ្នកខ្លះត្រូវបានប្រកាស កំបាំងមុខ និង អ្នកខ្លះទៀត ត្រូវបានប្រកាសចំពោះ មុខដាក់គុក ក្នុងម្នាក់ៗ ពី៥ទៅ ៨ឆ្នាំ ព្រមទាំងចេញដីការ អោយស្វែងរកចាប់ខ្លួន ផងដែរ ។

សវនាការនេះ ត្រូវបានដឹងនាំដោយ លោកចៅក្រម រស់ ពិសិដ្ឋ ជាប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ លោកអ៊ឹម វណ្ណៈ និង លោកស្រី ស៊ិន ចរិយា ជាចៅក្រមប្រឹក្សា និង មានលោកព្រះរាជអាជ្ញារង សេង ហៀង និងលោក សំម ឬទ្ធីវាសនា គឺជាតំណាងព្រះរាជអាជ្ញា អមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមការប្រកាសសាលក្រមរបស់ លោកប្រធានចៅក្រមប្រឹក្សា ជំនុំជម្រះ រស់ ពិសិដ្ឋ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទចំនួន៥១នាក់ ក្នុងនោះ រួមមានលោកសម រង្ស៊ី, លោក ម៉ែន សុថាវរិន្ទ្រ , លោកស្រីនមួរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី , លោកអេង ឆៃអៀង លោកអ៊ុ សំអាន លោក តុប វ៉ាន់ចាន់ លោក ម៉ោញ សារ៉ាត់ លោក អ៊ី សាឧស្ម័ន និង លោកគង់ សុភា ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ ៨ឆ្នាំ និង ចេញដីកា តាមចាប់ខ្លួន ។ ចំណែក ឯ ជនជាប់ចោទផ្សេងៗទៀត ដែលជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ រួមទាំងកញ្ញា សេង ធារីផងដែរ, ឈ្មោះ កាក់ កុម្ភា ភេទប្រុស , និងឈ្មោះ យក់ នាង ភេទស្រី ត្រូវជាប់គុក ក្នុងម្នាក់ៗ កំណត់ ៦ឆ្នាំ រីឯ អ្នកដទៃទៀត ត្រូវជាប់គុក ក្នុងម្នាក់ៗ ៥ឆ្នាំ។

ពួកគេបានតំណាងអយ្យការចោទប្រកាន់ពីបទ« រួមគំនិតក្បត់ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម តាមបញ្ញាតិមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ដែលជាបទឧក្រិដ្ឋ ៕
ដោយ: លីហ្សា
