ភ្នំពេញ ៖ ករណីកញ្ញា សេង ធារី ដែលត្រូវបានតុលាការកាត់ទោស និងចាប់ខ្លួនពាក់ព័ន្ធបទល្មើសទាក់ទងនឹងលោក សម រង្ស៊ីនោះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានសើចចំអកថា ការអនុវត្តតាមសាលដីការបស់តុលាការនេះ គឺស្របតាមបំណងប្រាថ្នារបស់កញ្ញាដែលចង់ល្បីឈ្មោះហើយ។ ខណៈស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបង្ហាញក្តីបារម្ភ ដោយអំពាវនាវឲ្យមានការដោះលែងផងដែរ ។ ទូតអាមេរិកបានហៅថា ជាសាលក្រមដ៏អយុត្តិធម៌ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត។
លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ១៥ មិថុនានេះ បានលើកឡើងពីករណីកញ្ញា សេង ធារីថា “តុលាការកាត់ទោសកញ្ញា សេង សុធារី វាស្របតាមបំណងរបស់គាត់ដែលចង់ល្បីហើយអ្នកដទៃកុំឈឺ ជំនួសសាម៉ីខ្លួនគេអី”។

កញ្ញា សេង ធារី អ្នកជំនាញច្បាប់ កិច្ចការអន្តរជាតិ និងជាអ្នកតស៊ូដើម្បីយុត្តិធម៌សង្គម ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារភ្លាមៗ បន្ទាប់ពីចៅក្រមប្រកាសផ្តន្ទាទោស៦ឆ្នាំ ពីបទរួមគំនិតក្បត់នៅព្រឹកថ្ងៃ១៤ មិថុនា នៅមុខសាលាដំបូងរាជធានីភ្នំពេញ រួមទាំងអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ៥០នាក់ទៀតត្រូវបានតុលាការផ្តន្ទាទោសពី៥-៨ឆ្នាំ ។

សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមណុំរឿងក្តីរបស់លោក សម រង្ស៊ី និងគូកនប្រមាណ៥០នាក់ទៀត ជាប់ពាក់ព័ន្ធនឹងបទល្មើសញុះញង់បង្កឲ្យ មានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម និង ការរួមគំនិតក្បត់មានចេតនា ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការ ៩ វិច្ឆិកា ២០១៩ របស់អតីតមេដឹកនាំអតីតគណបក្សប្រឆាំង លោក សម រង្ស៊ី ប្រព្រឹត្តចន្លោះពីឆ្នាំ២០១៨ -២០១៩ ។
តុលាការបានសម្រេចផ្តន្ទាពួកគេដោយអ្នកខ្លះត្រូវបានប្រកាសកំបាំងមុខ និងអ្នកខ្លះទៀត ត្រូវបានប្រកាសចំពោះមុខដាក់គុកម្នាក់ៗពី៥-៨ឆ្នាំ ព្រមទាំងចេញដីការឲ្យស្វែងរកចាប់ខ្លួនផងដែរ ។
ក្នុងនោះ រួមមាន ៖ លោកសម រង្ស៊ី , លោក ម៉ែន សុថាវរិន្ទ្រ , លោកស្រីមូរ សុខហួរ , លោក អ៊ូ ច័ន្ទឫទ្ធិ , លោក ហូរ វ៉ាន់ , លោក ឡុង រី , លោក អេង ឆៃអៀង , លោកអ៊ុ សំអាន , លោក តុប វ៉ាន់ចាន់ , លោក ម៉ោញ សារ៉ាត់ , លោក អ៊ី សាឧស្ម័ន និង លោកគង់ សុភា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់គុក ក្នុងម្នាក់ៗ កំណត់៨ឆ្នាំ និងចេញដីកាតាមចាប់ខ្លួន ។
ចំណែកជនជាប់ចោទផ្សេងៗទៀត ជាអតីតសកម្មជនអតីតគណបក្សសង្គ្រោះជាតិ រួមទាំងកញ្ញា សេង ធារីផងដែរ , លោក កាក់ កុម្ភា , និងឈ្មោះ នាង ត្រូវជាប់គុកក្នុងម្នាក់ៗ៦ឆ្នាំ ។ រីឯអ្នកដទៃទៀត ត្រូវជាប់គុកក្នុងម្នាក់ៗ៥ឆ្នាំ។
យោងតាមផេកហ្វេសប៊ុករបស់ទូតអាមេរិកនាថ្ងៃ១៤ មិថុនា ថា “យើងមានការរំខានចិត្តជាខ្លាំង ចំពោះសាលក្រមដ៏អយុត្តិធម៌ នាថ្ងៃនេះ ដែលត្រូវបានប្រកាសទៅលើកញ្ញា សេង ធារី និងអ្នកដទៃទៀត។ សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងគ្នាជាក្រុម ជាសមាគម ហើយនិងការអត់ឱនចំពោះទស្សនៈប្រឆាំង គឺជាផ្នែកដ៏មានសារសំខាន់បំផុត នៃលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងរូបគាត់ ហើយនិងសកម្មជនសិទ្ធិមនុស្សដទៃទៀត ពីការដាក់ពន្ធនាគារដ៏អយុត្តិធម៌”៕

