ភ្នំពេញ ៖ លោក ត្រាក់ ថៃសៀង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៤ មិថុនា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី២៥ នៃវេទិកាដឹកជញ្ជូនអនុតំបន់មេគង្គ (STF-25) នៃគណៈកម្មាធិការ រួមការងារ ដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្របខ័ណ្ឌមហាអនុតំបន់ទន្លេមេគង្គ ក្រោមប្រធានបទ «ការចាត់វិធាន ការលើ យុទ្ធសាស្ត្រGMS ២០៣០ និងផែនការកូវីដ-១៩ ជាមួយនឹងគំនិតកំពុងលេចធ្លោ»។
កិច្ចប្រជុំ មានការចូលរួមពីដៃគូអភិវឌ្ឍន៍ចំនួន ១២៨នាក់ មកពីបណ្ដាប្រទេសជាសមាជិកក្នុងអនុតំបន់មេគង្គ (កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ថៃ និងខេត្តយូណាន ប្រទេសចិន) តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរដ្ឋា ភិបាល កម្ពុជា។
កិច្ចប្រជុំSTF-25នៅឆ្នាំ២០២២នេះ មានគោលបំណងដើម្បីរាយការណ៍ និងផ្លាស់ប្តូរគំនិតអំពីរបៀបដែលវេទិកា ដឹកជញ្ជូន អនុតំបន់មេគង្គ (STF) អាចចូលរួមចំណែកក្នុងការអនុវត្តបញ្ហាអាទិភាព និងគំនិតផ្តួចផ្តើមក្រោម ក្របខណ្ឌយុទ្ធសាស្រ្តកម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច GMS ឆ្នាំ២០៣០ (GMS-2030) និងផែនការស្តារ និងឆ្លើយតបទៅនឹងជំងឺកូវីដ-១៩របស់GMS និងដើម្បីធ្វើបច្ចុប្បន្នភាព និង/ឬអនុម័តលើជំហាន បន្ទាប់លើ ប្រធានបទ៖ (i) សុវត្ថិភាពចរាចរណ៍នៅក្នុងGMS (ii) សមាគមផ្លូវដែក មហាតំបន់មេគង្គ(GMRA) និងការអភិវឌ្ឍ ផ្លូវដែកGMS (iii) សមាគមដឹកជញ្ជូនទំនិញGMS (FRETA) និងការកែលម្អវិស័យភស្តុភារកម្មនៅក្នុងGMS និង(iv)ការប្រមូលផលដំបូងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់GMS (Early Harvest GMS CBTA)។
គួរបញ្ជាក់ថា នៅក្របខណ្ឌGMS-២០៣០ វិស័យដឹកជញ្ជូននឹងបង្កើតជាយុទ្ធសាស្ត្រ ឬគំនិតថ្មីៗ ចំនួន៦ រួមមាន៖ ទី១-យុទ្ធសាស្ត្រ និងផែនការមេផ្លូវដែក នឹងត្រូវបានបង្កើតឡើងជាមួយនឹងភាពលេចធ្លោ ដែលផ្តល់ឱកាសដល់ ការវិនិយោគរបស់ផ្នែកឯកជន និងការអភិវឌ្ឍដល់ដៃគូរអភិវឌ្ឍន៍ ទី២-ការសង្កត់ធ្ងន់លើការឆ្ពោះ ទៅរកការ អភិវឌ្ឍ និងការពង្រីកសមត្ថភាពនៅក្នុងវិស័យដឹកជញ្ជូនតាមផ្លូវសមុទ្រ ទន្លេ និងកំពង់ផែ ឬផែស្ងួត ទី៣- លើកកំពស់ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងសេវាដឹកអ្នកដំណើរ ទី៤-ជំរុញការអភិវឌ្ឍព្រលាន យន្តហោះ អន្តរជាតិ ទី៥- ជំរុញការធ្វើសមាហរណកម្មការដឹកជញ្ជូនតាម ទីក្រុងទៅក្នុងយុទ្ធសាស្ត្រ និងផែនការនគរូប នីយកម្ម និងទី៦-ការពិចារណាលើផលប៉ះពាល់សង្គម បរិស្ថាន និងការតាំងទីលំនៅថ្មីនៃគម្រោងដឹកជញ្ជូន ក៏ដូចជាសុវត្ថិភាពផ្លូវថ្នល់ ដែលជាបញ្ហាអាទិភាព។
ការដឹកជញ្ជូននៅតែបន្តជាវិស័យដ៏ធំជាងគេ ក្នុងនោះមានអត្រាវិនិយោគរហូតដល់៨៥% នៃក្របខ័ណ្ឌវិនិយោគ ក្នុងតំបន់GMS គិតត្រឹមឆ្នាំ២០២២ ដែលតួរលេខនេះស្មើនឹង៧៨គម្រោង ដែលមានទុនវិនិយោគ សរុប៦៥,៨ ពាន់លានដុល្លារ។ ផលប័ត្រវិនិយោគផ្នែកដឹកជញ្ជូនបច្ចុប្បន្ននៅក្នុងកម្មវិធីGMS នៅតែបន្ត មានថាមពលជា មួយនឹងគម្រោងសំខាន់ៗជាច្រើនដែលកំពុងត្រូវបានអនុវត្តនាពេលបច្ចុប្បន្ន។
អង្គប្រជុំបានពិភាក្សា និងយល់ព្រមលើគំនិតផ្តួចផ្តើម និងសកម្មភាពជាក់លាក់ ដើម្បីដាក់គោលដៅមួយ ចំនួនទៅក្នុងការអនុវត្ត។ ក្នុងន័យនេះ វាមានសារៈសំខាន់សម្រាប់កម្ពុជាក្នុងការផ្តោតលើការ ស្វែងរក មធ្យោបាយ ជាក់ស្តែងដើម្បីអនុវត្តកម្មវិធីGMS-២០៣០។
គួរកត់សម្គាល់ថា GMS សំដៅដល់បណ្តាប្រទេសដែលមានទន្លេមេគង្គហូរកាត់រួមមាន៖ កម្ពុជា ចិន មីយ៉ាន់ម៉ា ឡាវ វៀតណាម និងថៃ។ GMS បង្កើតឡើងដើម្បីអភិវឌ្ឍលើវិស័យអាទិភាពមួយចំនួនដូចជា កសិកម្ម ថាមពល បរិស្ថាន សុខភាព ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ទេសចរណ៍ ការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម ការអភិវឌ្ឍទីក្រុង និងតំបន់សេដ្ឋកិច្ចពិសេសតាមព្រំដែន៕