ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀងស្នើ អ្នកវិនិយោគផ្តល់ ឱកាសការងារ ដល់សិស្ស-និស្សិត ក្រោយបញ្ចប់ការសិក្សា លើមុខជំនាញ

ស្វាយរៀង ៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងក្នុងពិធី អបអរសាទរទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី ៥ឆ្នាំ ២០២២ នាព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ដោយស្នើរដល់ អ្នកវិនិយោគទាំងអស់ នៅខេត្តស្វាយរៀង សូមចូលរួមសហការ ជាមួយវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេជោ សែនស្វាយរៀង ទទួលសិក្ខាកាម សិស្ស-និស្សិត ឲ្យចូលបម្រើការងារ នៅពេលបញ្ចប់ការសិក្សា លើជំនាញរបស់ពួកគេ ។

លោកអភិបាលរងខេត្តស្វាយរៀង បានលើកឡើងថា វិស័យវិនិយោគឯកជន ក៏កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ យើងមានតំបន់សេដ្ឋកិច្ចពិសេស ១២កន្លែង កំពុងដំណើរ ៩កន្លែង មានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន គ្រឹះស្នានមីក្រូហិរញ្ញវត្ថុ សរុបចំនួន ២៤៨កន្លែង ដែលបានបង្កើតការងារធ្វើ ជូនពលជាពលរដ្ឋ បានប្រមាណ ៩៧.០០០នាក់។

បើតាមលោកមុត ចិន្តា នាយកវិទ្យាស្ថាន ពហុបច្ចេកទេស ភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែនស្វាយរៀង មានបណ្ដុះបណ្តាលលើជំនាញជាច្រើន វិស្វកម្ម អគ្គិសនី វិស្វកម្មអេឡិចត្រូចនិ វិស្វកម្មយន្តសាស្ត្ររថយន្ត វិស្វកម្មមេកានិកទូទៅ វិស្វកម្មសំណង់ស៊ីវិល បរិក្ខារត្រជាក់ឧស្សាហកម្ម វិទ្យាសាស្ត្រកុំព្យូទ័រ គ្រប់គ្រង គណនេយ្យ និងហិរញ្ញវត្ថុ និងមានជំនាញជាច្រើនទៀត ស្របតាមតម្រូវការទីផ្សារការងារ ។

លោកបានបន្តថា វិទ្យាស្ថាន បានបណ្តុះបណ្តាល ចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្រ (ដោយសិក្សា ចាប់ពី មួយសប្ដាហ៍ រហូតដល់៥ឆ្នាំ) ។ ក្នុងនោះដើម្បីជំរុញកំណើន នៃការចុះឈ្មោះចូលរៀន សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់ បច្ចេកទេស/បរិញ្ញាបត្ររង លើជំនាញ វិស្វកម្មអគ្គិសនី វិស្វកម្មមេកានិកទូទៅ វិស្វកម្មអេឡិចត្រូនិក និងវិស្វកម្មស្វ័យ ប្រវត្តិកម្ម និស្សិត៤០% ដែលភាគច្រើនជានារី និងនិស្សិតរៀនពូកែ នឹងទទួលបានអាហារូបករណ៍១ខែ ៦០ដុល្លារ រយៈពេល១០ខែ ក្នុង១ឆ្នាំសិក្សា។

វិទ្យាស្ថានបានខិតខំលើកកម្ពស់ ការបណ្ដុះបណ្ដាល និងការងារ ដើម្បីបង្កើនផលិតភាព និងភាពប្រកួត ប្រជែង ដោយខិតខំស្វែងរកដៃគូ ដូចជារោងចក្រ សហគ្រាស ដើម្បីសិស្ស និស្សិតចុះហាត់ ការការងារ និងកម្ម សិក្សាការងារ ជាពិសេសស្វែងរកការងារជូននិស្សិតក្រោយបញ្ចប់ការសិក្សាស្របតាមជំនាញ និងសមត្ថភាពរបស់ សិស្ស និស្សិត ។

លោកមុត ចិន្តា បានបន្ថែមថា ក្នុងនាមវិទ្យាស្ថានតេជោសែនស្វាយរៀង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តស្វាយរៀង ពិតជាមានសុទិដ្ឋិនិយមថា នាពេលអនាគតដ៏ខ្លីខាងមុខ ការផ្លាស់ប្តូរឥរិយាបថរបស់ប្អូនៗសិស្ស និស្សិត និងមានការគាំទ្រ ពីអាណាព្យាបាល ដោយចាប់យកជំនាញបច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ គឺដើម្បីលើក កម្ពស់គុណភាពជីវិតរបស់ខ្លួន បង្កើនកម្រិតជីវភាពរបស់ខ្លួន បង្កើនផលិតភាព ជាពិសេសគឺភាពប្រកួតប្រជែង ខ្ពស់ នៅលើទីផ្សារការងារ នាពេលបច្ចុប្បន្ននេះ ដែលស្របទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬប្រទេសអភិវឌ្ឍន៍ ៕

To Top