ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងមានការអមដំណើរ ដោយលោកអភិបារងខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលរងក្រុង នាព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២២នេះ បានចុះពិនិត្យមើលការរៀបចំ សួនច្បារច្រាំង តាបុលបន្ថែម ជាប់និងកំណាត់ផ្លូវជាតិលេ១ និងពិនិត្យលើវឌ្ឍភាពផ្សេងៗទៀត ដែលជាចក្ខុវិស័យ របស់រដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍឲ្យមានការរីកចម្រើន។

បើតាមលោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានឲ្យដឹងថា ការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំរបស់ លោក ម៉ែន វិបុល អភិបាល ខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍ លើគ្រប់វិស័យ និងបានជម្រុញកំណើន សេដ្ឋកិច្ចឲ្យមាន សន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញអ្នក វិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង ជាពិសេសក្នុងទឹកដីក្រុងស្វាយរៀង មានទាំងតំបន់សេដ្ឋកិច្ចពេសេស ផ្លូវថ្នល់ធំទូលាយ សួនច្បារមាត់ទន្លេដ៏ស្រស់បំព្រង ខ្យល់អាកាសត្រជាក់ សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ សេវាកម្មល្អ គួរជាទីគយគន់កំសាន្ត។

លោកបានបន្តថា ក្នុងនាមលោកអភិបាលក្រុង និងរដ្ឋបាលក្រុងស្វាយរៀង ទាំងមូល នឹងបន្តខិតខំចូលរួមចំណែក ក្នុងការអភិវឌ្ឍជាមួយរាជរដ្ឋាភិបាល ឱ្យបានខ្លាំងក្លាបន្តទៀត ព្រមទាំងអនុវត្តការរៀបចំសណ្តាប់ធ្នាប់ នៅក្រុងស្វាយរៀង ឱ្យមានរបៀបរៀបរយល្អ និងរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំ ដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យ ឲ្យមានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ។

សូមបញ្ជាក់ថា ទោះបីជំងឺកូវីដ-១៩ បានរីករាលដាលជាសកល តែខេត្តស្វាយរៀង នៅតែបន្តការងារអភិវឌ្ឍ គួរឲ្យកត់សម្គាល់ ដោយថ្មីៗនេះ រោងចក្រជាច្រើន បានបើកដំណើរការ ជាពិសេសរោងចក្រផលិតសំបកកង់ រថយន្តខ្នាតអន្តរជាតិ ត្រូវបានដំណើរការផលិត នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូនៅក្នុងសង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀងផងដែរ ៕

