តេអេរ៉ង់៖ អ្នកជំនាញបានឲ្យដឹងថា ភាពតានតឹងដែលកំពុងកើនឡើងរវាងអ៊ីរ៉ង់ និងទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានកាត់បន្ថយឱកាសនៃ ការបន្តកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងពេលឆាប់ៗនេះ។
ថ្មីៗនេះ អ៊ីរ៉ង់បានដកកាមេរ៉ាត្រួតពិនិត្យ មួយចំនួនដែលបានដំឡើងដោយ IAEA នៅរោងចក្រនុយក្លេអ៊ែររបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ដែលអតីតរដ្ឋបាលរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ បានដកខ្លួនក្នុងឆ្នាំ២០១៨ ។
វិធានការរបស់ទីក្រុងតេអេរ៉ង់ គឺដើម្បីឆ្លើយតបទៅនឹងការអនុម័តរបស់ IAEA នូវដំណោះស្រាយ ដែលព្រាងដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៃប្រទេសបារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលបានរិះគន់អ៊ីរ៉ង់ ចំពោះអ្វីដែលពួកគេហៅថា “បរាជ័យ” ក្នុងការឆ្លើយតបទៅនឹងសំណួររបស់ IAEA ទាក់ទងនឹងនុយក្លេអ៊ែរ។
លោក Rafael Grossi អគ្គនាយក IAEA បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ IAEA កាលពីសប្តាហ៍មុនថា “ខ្ញុំគិតថា នេះនឹងក្លាយជាការវាយប្រហារដ៏ធ្ងន់ធ្ងរ” ចំពោះកិច្ចចរចានៅទីក្រុងវីយែន រវាងអ៊ីរ៉ង់ និងមហាអំណាចលើការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។
លោក Reza Nasri អ្នកជំនាញអ៊ីរ៉ង់ផ្នែកទំនាក់ទំនង អន្តរជាតិបានប្រាប់កាសែត Ebtekar របស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យថា ដំណោះស្រាយរបស់ IAEA គឺជា “ការអភិវឌ្ឍន៍អវិជ្ជមាន នៅក្នុងដំណើរការការទូត” ។
លោក Nasri បានបន្ថែមថា អ្វីដែលនឹងកើតឡើង ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ចាប់ពីពេលនេះទៅ មួយផ្នែកលើប្រតិកម្មរបស់អ៊ីរ៉ង់ ចំពោះដំណោះស្រាយ និងប្រតិកម្មរបស់ភាគីម្ខាងទៀត ចំពោះជំហានរបស់អ៊ីរ៉ង់៕
ប្រែសម្រួល ឈូក បូរ៉ា