ភ្នំពេញ៖ លោក MIKAMI Massahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងធ្វើប្រសើរឡើងដល់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជា នៅគ្រប់ច្រកល្ហក។
នាឱកាសជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ នាថ្ងៃទី១៥ មិថុនា លោក MIKAMI Massahiro បានបង្ហាញចំណាប់អារម្មណ៍ លើការស្វែងយល់អំពីបច្ចុប្បន្នភាព នៃគម្រោងសាងសង់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។

លោកបានថ្លែងថា «សូមកោតសរសើរដល់ថ្នាក់ដឹកនាំ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍ និងធ្វើប្រសើរឡើងដល់ហេដ្ឋា រចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជានៅគ្រប់ច្រកល្ហក ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លើសពីនេះ លោក ឯកអគ្គរាជទូត បានកោតសរសើរដល់នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ នៃក្រសួងសាធារណការថា បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុក ក្នុងការអភិវឌ្ឍប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីកាត់បន្ថយការិយាធិបតេយ្យ និងអនុញ្ញាតឲ្យមានការបង់ប្រាក់កម្រៃ សេវាតាមប្រព័ន្ធអនឡាញ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ប្រជាពលរដ្ឋ។

ជាការឆ្លើយតប លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ទំនាក់ទំនងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ជាពិសេសចំពោះទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រ និងដើម្បី ជួយកសាងប្រទេសកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យថែមទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណង នៃការបង្កើតវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្ដុះបណ្ដាលកូនខ្មែរ ជំនាន់ក្រោយឲ្យមានសមត្ថភាព ក្នុងការកសាងផ្លូវ ស្ពានមានគុណភាពរឹងមាំ ។

លោកក៏បានស្នើឯកអគ្គរាជទូតពិចារណា លទ្ធភាពលើការចុះអនុស្សរណៈ យោគយល់រវាងមហាវិទ្យាល័យ ឬសាកលវិទ្យាល័យជប៉ុន ជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីបណ្តុះបណ្តាលវិស្វករ និងអ្នកបច្ចេកទេសខ្មែរឲ្យបាន ច្រើនសំដៅចូលរួមចំណែក កសាងហេដ្ឋារចនាសម្ព័ន្ធ កាន់តែមានការរីកចម្រើនថែមទៀត ៕
