កំពង់ចាម ៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាសមាគមន៍អតីតយុទ្ធជនកម្ពុជា និងលោក អ៊ុន ចាន់ដា ប្រធានកិត្តិយសសមាគមន៍អតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី ១៥ នៃទិវាសមាគមន៍អតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ។

បន្ទាប់ពីការអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសរំលឹកខួបលើកទី ១៥ នៃទិវាសមាគមអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ឆ្នាំ២០២២ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងថា ក្នុងរយៈពេល ១៥ឆ្នាំកន្លងទៅនេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីត យុទ្ធជនកម្ពុជា បានគិតគូរយ៉ាងខ្លាំង អំពីសុខទុក្ខ របស់អតីតយុទ្ធជនកម្ពុជា របស់យើង ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ទៀត ក៏បានយកចិត្តទុកដាក់ ថែរក្សាដល់អតីតយុទ្ធជន របស់យើងផងដែរក្នុងរយៈកាលកន្លងទៅនេះ ។

ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ គន់ គីម បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករឭក ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដល់លោកយាយ លោកតា បងប្អូន មីងមា និង សាច់ញាតិទាំងអស់របស់អតីតយុទ្ធជន ដែលសម្ដេចមានសេចក្តី នឹករឭកជាខ្លាំង និងសូមជូនពរ អោយបងប្អូនអតីតយុទ្ធជន យើងទាំងអស់ មានសុខភាពល្អទាំងអស់គ្នាផងដែរ។

នាយឧត្តមសេនីយ៍ គន់ គីម បានយកចំណុចសំខាន់មួយ នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារថា ក្នុងឱកាសខួបលើកទី១៥ នេះ សម្ដេចសូមអំពាវនាវ ដល់បងប្អូនអតីតយុទ្ធជន សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ដោយជាប្រជាពលរដ្ឋល្អឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវកាលះបង់និងគុណបំណាច់ ដ៏ធំធេងរបស់បងប្អូន អតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ ជាទីស្នេហានៃយើង ៕
