ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្តដល់ឥណ្ឌា ឱ្យគាំទ្របន្ថែមទៀត ដល់ការកសាងសមត្ថភាពអាស៊ាន ផ្នែកនវានុវត្តន៍ ឌីជីថល ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ អាចសម្របខ្លួនបានទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០។
ការលើកទឹកចិត្តរបស់ប្រមុខការទូតកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងនាមជាភ្ញៀវពិសេសនៃកិច្ចសន្ទនា ទីក្រុងញូវដេល្លីលើកទី១២ ក្រោមមូលបទ «ការកសាងស្ពាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក» នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីសារសំខាន់ ក្នុងការអនុវត្តឲ្យបានពេញលេញ នូវសេចក្តីថ្លែងការណ៍រួមស្តីពី សហប្រតិបត្តិការលើទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក រវាងទស្សនវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក (IPOI) របស់ឥណ្ឌា។
លោកបានសង្កត់ធ្ងន់លើការ តភ្ជាប់រវាងប្រជាជននិងប្រជាជន និងបានសង្កត់ធ្ងន់លើការ ស្តារវិស័យទេសចរណ៍ឡើងវិញ និងបានបញ្ជាក់ឡើងវិញអំពីសារសំខាន់ ក្នុងការបញ្ចប់ឱ្យបានឆាប់នូវ ផ្លូវហាយវ៉េត្រីភាគីឥណ្ឌា-មីយ៉ាន់ម៉ា-ថៃ ដោយការពង្រីកបន្ថែមដល់កម្ពុជា ឡាវ និងវៀតណាម ដើម្បីជំរុញឱ្យមានប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងការផ្លាស់ប្តូរប្រជាជននិងប្រជាជន រវាងតំបន់ទាំងពីរឲ្យកើនឡើង កាន់តែច្រើនថែមទៀត ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការរក្សានិងពង្រឹងប្រព័ន្ធពាណិជ្ជកម្ម ពហុភាគីផ្អែកលើច្បាប់ គឺមានសារសំខាន់ណាស់ សម្រាប់តំបន់ទាំងពីរ និងពិភពលោក ដើម្បីពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកំណើនប្រកបដោយចីរភាព ព្រោះប្រព័ន្ធនេះបានក្លាយជា មូលដ្ឋានគ្រឹះនៃវិបុលភាព ក្នុងរយៈពេល ៧ទសវត្សរ៍ ចុងក្រោយនេះ ៕
