ព័ត៌មានជាតិ

សមាគមធនាគារ លើកទឹកចិត្តឲ្យយុវជន ជួយផ្សព្វផ្សាយ ពីចំណេះដឹងហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា

ភ្នំពេញ ៖ លោក ង៉ោ លីកូ អនុប្រធាន គណៈកម្មាធិការបរិយាបន្នហិរញ្ញវត្ថុ នៃសមាគមធនាគារនៅកម្ពុជា បានលើកទឹកចិត្តឲ្យយុវជន យុវនារី ជួយផ្សព្វផ្សាយពីចំណេះដឹង ហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា ជាពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយាល។

ក្នុងពិធីប្រគល់ពានរង្វាន់ការផលិតវីដេអូខ្លី ស្តីពី ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២ នៅកម្ពុជា នាថ្ងៃទី១៧ មិថុនា លោក ង៉ោ លីកូ បានថ្លែងថា គំនិតផ្តួចផ្តើមក្នុងការបង្កើត កម្មវិធីពានរង្វាន់ផលិតវីដេអូខ្លី ស្តីពី «ចំណេះដឹងហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២» នេះ មិនត្រឹមតែផ្សារភ្ជាប់យុវជនជាមួយ នឹងវិស័យហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគំនិតផ្តួចផ្តើមនេះ ក៏បានឆ្លើយតបទៅនឹងយុទ្ធសាស្រ្តជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥។

លោក បន្ដថា ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹង ផ្នែកហិរញ្ញវត្ថុដល់យុវជន យុវនារី ជាពិសេសប្រជាជនកម្ពុជាទាំងអស់ ឲ្យយល់ដឹងពីវិស័យហិរញ្ញវត្ថុ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការទទួលបាន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសអំពីសិទ្ធិក្នុងការប្រើប្រាស់ ជ្រើសរើស ចចារ និងប្រាស្រ័យទាក់ទងដើម្បីឈានដល់ការ សម្រេចចិត្តផ្នែកហិរញ្ញវត្ថុឲ្យបានត្រឹមត្រូវ និងប្រសើរឡើង។

លោក បញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្តឲ្យយុវជន យុវនារី របស់យើងបន្តការចូលរួម ក្នុងសកម្មភាពនេះទៀត ដើម្បីជួយផ្សព្វផ្សាយពីចំណេះដឹង ហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាយើង ជាពិសេសប្រជាជននៅតាមបណ្តាខេត្ត និងជនបទដាច់ស្រយ៉ាល ដែលការទទួលបានព័ត៌មានរបស់គាត់ ទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុនៅមានកម្រិត»។

ដោយឡែក លោកស្រី នី ដាលីន ប្រធានផ្នែកដំណោះស្រាយអាជីវកម្មក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ស្របតាមយុទ្ធសាស្ត្រថ្នាក់ជាតិ ស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន Visa បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា លើគម្រោងជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹង ផ្នែកហិរញ្ញវត្ថុក្នុងចំណោមសិស្ស និស្សិត និងលើកកម្ពស់វប្បធម៌សន្សំ ក្នុងចំណោមប្រជាជនកម្ពុជា។

នាឱកាសនោះដែរ លោក ខុម ច័ន្ទតារា នាយកផ្នែកប្រតិបត្តិការ នៃក្រុមហ៊ុន ក្រេឌីប្យួរ៉ូ (ខេមបូឌា) ស៊ីប៊ីស៊ី បានលើកឡើងថា តាមរយៈយុទ្ធសាស្ដ្រជាតិ ស្ដីពីបរិយាបន្នហិរញ្ញវត្ថុ២០១៩-២០២៥ បានបង្ហាញថា ការយល់ដឹងលើចំណេះដឹង ហិរញ្ញវត្ថុនៅកម្ពុជាមានអត្រាតែ១៨% ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី១៣៥ ក្នុងចំណោម ១៤៤ប្រទេស ដែលចំណុចនេះបង្ហាញថា ប្រទេសកម្ពុជាសម្រាប់ការយល់ដឹង លើចំណេះដឹងហិរញ្ញវត្ថុ នៅមានកម្រិតនៅឡើង។

លោក បន្ថែមថា ក្នុងន័យនេះ ការជំរុញការយល់ដឹងលើចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាស្នូលមួយដ៏សំខាន់ក្នុងការលើកកម្ពស់ បរិយាបន្នហិរញ្ញវត្ថុ សំដៅសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕

To Top