ភ្នំពេញ៖ ជាមួយនឹងសកម្មភាព អភិវឌ្ឍន៍ជាដំណាក់កាលៗ ក្នុងភូមិព្រៃស្នួល លោក សយ សុភាព បានលើកឡើងជាទស្សនៈថា ដើម្បីព្យាបាលជំងឺសង្គម ឱ្យចំគោលដៅ គប្បីត្រូវ ប្រតិបត្តិនូវ «កុំចាំបាច់គេសុំ និយាយតិចធ្វើច្រើន បង្កើនសកម្មភាព ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ»។
ក្នុងន័យនេះលោក សយ សុភាព ចង់សំដៅលើមន្រ្តីថ្នាក់ក្រោមជាតិ មួយចំនួន ដែលមានតួនាទីនិងមុខងារក្នុងការបំរើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន ឱ្យស្របទៅតាម បទបញ្ជាដ៏មឺុងម៉ាត់ របស់ រដ្ឋបុរសសន្តិភាព សម្ដេចតេជោ ហ៊ុន សែន ដោយបានលើកឡើងថា «ធ្វើជាមន្រ្តីត្រូវតែបំរើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយ របស់ប្រជាពលរដ្ឋនោះទេ»។
ងាកមកបញ្ហាសង្គមនាពេលបច្ចុប្បន្ននេះវិញ លោក សយ សុភាព បានលើកឡើងជាទស្សនៈថា “កុំចាំបាច់ឱ្យមេភូមិ ឬ អ្នកភូមិធ្វើសំណើសុំ យើងដែលមានភារកិច្ចចុះជួយពួកគាត់ត្រូវដឹងពីតំរូវការពួកគាត់។ ត្រូវយល់ថា ពេលត្រូវការសន្លឹកឆ្នោត ពីពួកគាត់នាំគ្នាលើកដៃសំពះ ហើយសន្យា។ ពេលគាត់បោះឆ្នោតឱ្យហើយ មិនត្រូវឱ្យពួកគាត់ធ្វើសំណើ ឬសំពះសុំយើងឱ្យជួយទេ”។
ទោះបីជាយ៉ាងណា លោក សយ សុភាព ក៏បានធ្វើការសុំទោស ទុកជាមុនប្រសិនបើ និយាយពាក្យមិនសមរម្យ។
ជាមួយនឹងការរស់នៅ គៀកនឹងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិព្រៃស្នួល លោក សយ សុភាព អះអាងថា លោកបានស្តាប់ឭ និងឃើញរូបភាពប្លែកៗ ព្រមទាំងបានរៀនសូត្រច្រើនណាស់ ពីទិដ្ឋភាពជាក់ស្ដែង ក្នុងសង្គម ដែលថ្នាក់ក្រោម ប្រព្រឹត្តភាពមិនប្រក្រតី បណ្ដាលឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ ប្រជាពលរដ្ឋ។
លោក សយ សុភាព សង្កត់ធ្ងន់ថា “កុំចុះមកស្រុកស្រែ ដើម្បីតែសែលហ្វី បង្ហោះលើហ្វេសប៊ុក យករួចខ្លួនឬបង្គ្រប់កិច្ច ដើម្បីការពារតំណែង និងមេកើយស្តីបន្ទោស”។
លោកបន្តថា ចង់ព្យាបាលជំងឺសង្គម នៅក្នុងភូមិឬតំបន់នីមួយៗ យើងត្រូវមកដេក ដកយកបទពិសោធន៏ និងចំណាយពេលសិក្សារៀនសូត្រ បើមិនដូច្នេះទេ ព្យាបាលជំងឺ មិនចំកន្លែងឈឺទេ។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព ក៏បានសម្ដែងការគោរព ចំពោះមន្រ្តីមួយចំនួន ដែលបានជួយចំគោលដៅ និងធ្វើដោយមិននិយាយច្រើន។
លោកបញ្ជាក់ថា “នេះហើយមន្ត្រីគ្រាប់ល្ពៅ ប្រភេទទី៤ គឺ និយាយ ពិត ធ្វើពិត ស្មោះត្រង់”។
សូមរំលឹកថា ភូមិព្រៃស្នួល ត្រូវបានផ្លាស់ប្ដូរមុខមាត់ថ្មី ក្រោមការឧបត្ថមផ្ទាល់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការស្ថាបនាផ្លូវ និងបំពាក់អំពូលសូឡា បំភ្លឺផ្លូវ ដើម្បីសម្រួលដល់ការដំណើរ របស់ប្រជាពលរដ្ឋ និងប្រែក្លាយពីតំបន់ធ្លាប់តែស្ងប់ស្ងាត់ ទៅជាតំបន់ទេសចរណ៍ ថ្មីមួយ ដែលនៅមិនឆ្ងាយពី ភ្នំជីសូរ៕