ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រី ដែលជាកូតារបស់គណបក្សប្រជាជនកម្ពុជា (CPP) មិនត្រូវអួងអាងឌឺដង ដាក់ផ្លែ ដាក់ផ្កា ទៅគណបក្សនយោបាយផ្សេងៗ ដែលចាញ់ឆ្នោតនោះទេ ព្រោះសុទ្ធសឹងតែជាខ្មែរដូចគ្នា។
ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ វត្តពោធិរង្ស៊ី ហៅវត្តត្រពាំងទទឹម ស្ថិតក្នុងភូមិត្រពាំងទឹម ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នាថ្ងៃទី១៩ មិថុនា សម្ដេច ស ខេង បានឲ្យដឹងថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលកន្លងទៅ មានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតច្រើនលើសលប់ បង្ហាញអំពីការគាំទ្រដំណើរការប្រជាធិបតេយ្យ និងការបន្តថែរក្សាសុខសន្តិភាព។
សម្ដេចបន្ដថា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលឈ្នះការបោះឆ្នោត ត្រូវសងគុណប្រជាពលរដ្ឋ គិតឱ្យជ្រៅជ្រះ កុំថា ខ្លួនឯងខ្លាំងទើបឈ្នះឆ្នោត។
សម្ដេចបញ្ជាក់ថា «យើងខ្លាំងបាន គឺដោយសារពលរដ្ឋបោះឆ្នោតទេ។ ម្ចាស់សិទ្ធិ ម្ចាស់អំណាច ឱ្យយើងធ្វើមេឃុំនេះគឺពលរដ្ឋ។ ដូច្នេះត្រូវបំរើពួកគាត់ឱ្យអស់ពីលទ្ធភាព»។
សម្ដេចបន្ថែមថា ក្នុងនាមជាអាជ្ញាធរ ត្រូវធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត ដ្បិតមិនមែនគ្រាន់តែបោះឆ្នោតឱ្យនោះទេ ពលរដ្ឋថែមទាំងផ្ដល់ប្រាក់ខែជូនទៀត តាមរយៈប្រាក់ខែរដ្ឋដែល ក៏ជាប្រាក់របស់ពលរដ្ឋ។
សម្ដេចបញ្ជាក់ទៀតថា «ខ្ញុំស្នើថា កុំអួត កុំអាង កុំឆ្មើង កុំឆ្មៃ ហើយកុំដាក់ដង ដាក់ផ្លែផ្កា ជាមួយអ្នកមិនជោគជ័យ ឬក៏ថាអ្នកមិនឈ្នះ ឬក៏ថាអ្នកដែលចាញ់ កុំឱ្យសោះ កុំ អត់មានប្រយោជន៍ទេ គ្មានបានប្រយោជន៍អីទេ បំរើតែមហិច្ចតាខ្លួនឯង គំនិតខ្លួនឯងប៉ុណ្ណឹងទេ ប៉ុន្តែឱ្យសម្រាប់សង្គមវាអត់មានទេ។ អីចឹងហើយចំពោះអ្នកហ្នឹង យើងរឹតតែធ្វើល្អដាក់គាត់ទៀត ដើម្បីឱ្យឃើញថានយោបាយគណបក្សប្រជាជន មិនមានការរើសអើងទេ ភ្លើងទៀនក៏ដោយ ភ្លើងធូបក៏ដោយ បោះឆ្នោតហើយ]យើងធ្វើការជាមួយគ្នាទៅ សុទ្ធតែខ្មែរដូចគ្នាទេ»។
នាឱកាសនោះ សម្ដេច ស ខេង បានអំពាវនាវប្រជាពលរដ្ឋចូលរួម បង្កើនការអប់រំកូនចៅចៀសឱ្យ ផុតពីអំពើអបាយមុខ ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន។ សម្ដេច ក៏អំពាវនាវប្រជាពលរដ្ឋទាំងអស់ចូលរួម គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន នៅរៀងរាល់ពេលធ្វើដំណើរតាមដងផ្លូវ ពិសេសពាក់មួកសុវត្ថិភាព។
ជាមួយគ្នានោះ សម្ដេច បានរំលឹកអាណាព្យាបាល ឪពុកម្ដាយ ជីដូនជីតា បង្កើនការប្រុងប្រយត្នចំពោះកុមារតូច ដែលអាចជួបគ្រោះថ្នាក់លង់ទឹកនារដូវវស្សានេះ៕