ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជា-វៀតណាម មានគម្រោងបើកច្រកទ្វារព្រំដែន អន្ដរជាតិ នៅតំបន់ X 16 ក្នុងភូមិសាស្ដ្រ ស្រុកមេមត់

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា-វៀតណាម មានគម្រោងបើកច្រកទ្វារព្រំដែនអន្ដរជាតិនៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X 16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូឃ្មុំ ។ ការមានគម្រោងបើកច្រកថ្មីមួយទៀតនេះ ដោយសារសម្តេចអះអាងថា ព្រោះប្រទេសទាំងពីរ កំពុងតែមានការរីកចម្រើនយ៉ាងខ្លាំងផងដែរទាំងទំហំពាណិជ្ជ កម្មជាដើម ។

នាឱកាសអញ្ជើញប្រារព្ធខួបលើកទី៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X 16 ក្នុងភូមិសាស្ដ្រភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា រយៈពេល ៤៥ឆ្នាំកន្លងទៅផុតទៅជំនួយ និងកិច្ចការជាច្រើនបានវិវត្តន៍រវាងកម្ពុជា-វៀតណាម ហើយចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ព្រមទាំងធ្វើកិច្ចការជាច្រើន ដែលជាផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សម្ដេចតេជោបញ្ជាក់ថា «រចនាសម្ព័ន្ធតភ្ជាប់នៅតំបន់នេះ (តំបន់ X 16) ក៏ត្រូវបានធ្វើដឹកនាំដោយរដ្ឋាភិបាលកម្ពុជា-វៀតណាម ហើយជាមួយឯឧត្តម Pham Minh Chinh មានគម្រោងថា ថ្ងៃក្រោយ នឹងពេលវេលាសមស្រប យើងអាចបើកច្រកនេះ ទៅជាច្រកអន្ដរជាតិមួយ»។

សម្ដេចតេជោបន្ដថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពេញនីតីវិធី ដើម្បីឈានសម្រេចទៅបើកច្រកព្រំដែន ឲ្យទៅជាច្រកពំ្រដែនអន្ដរជាតិ។ សម្ដេចថា ប្រសិនបើ កម្ពុជា-វៀតណាម បើកច្រកពំ្រដែនអន្ដរជាតិនៅតំបន់ X 16 បានសម្រេចនោះ នឹងធ្វើឲ្យប្រទេសទាំងពីមានទំនាក់ទំនងកាន់តែជិតស្និតជាមួយច្រកពាណិជ្ជកម្ម ដែលប្រទេសទាំងពីរកំពុងតែមានការរីកចម្រើនយ៉ាងខ្លាំង ៕

To Top