ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ ជម្រះបណ្តឹង បុរសជាប់ចោទ៣នាក់ ជាប់ពាក់ព័ន្ធនឹងព្រួតគ្នា សម្លាប់ បុរសម្នាក់ ដើម្បីប្លន់យក ទ្រព្យសម្បត្តិ

ភ្នំពេញ: បុរសជាប់ចោទចំនួន៣នាក់ កាលពីព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២នេះ ត្រូវបាន សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ លើបណ្ដឹង ឧទ្ធរណ៍របស់ពួកគេ ជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតជាមុន ដោយធ្វើសកម្មភាព ព្រួតគ្នា សម្លាប់បុរសរងគ្រោះ ម្នាក់ ដោយយក ខ្សែភ្លើងរឹតក នៅលើរថយន្ត ខណៈ ជនរងគ្រោះ កំពុងតែ អង្គុយនៅលើរថយន្ត រួចយកសាកសព ទៅទម្លាក់ចោល នៅ ស្រុកខ្សាច់កណ្តាល រួចនាំគ្នា រត់គេចខ្លួន កាលពីឆ្នាំ២០១៩ ។

លោក ប៉ុល សំអឿន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានថ្លែងអោយដឹងនៅក្នុងសវនាការថា ជនជាប់ចោទ ទាំង៣នាក់មានឈ្មោះ ៖ ទី១-ឈ្មោះ ម៉ៃ តាន ភេទប្រុស អាយុ ២៧ ឆ្នាំ ។ ទី២- ឈ្មោះ ម៉ៃ សារិ ភេទប្រុស អាយុ ២៨ ឆ្នាំ ( ត្រូវជាបងប្អូនបង្កើតនឹងគ្នា ) ។ និង ទី៣- ឈ្មោះជា គង់លីណា ភេទប្រុស អាយុ២៣ ។

ចំណែកឯជនរងគ្រោះ មាស សុភ័ណ្ឌ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ អ្នករត់តាក់ស៊ី ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ទាំង៣នាក់ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ កាលពី ឆ្នាំ ២០២០ ផ្តន្ទាទោស ដាក់គុក ក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត និងបង្គាប់ ឱ្យពួកគេត្រូវរួមគ្នាន សងថ្លៃ ជំងឺចិត្ត ចំនួន៣ម៉ឺនដុល្លារ អាមេរិក ទៅគ្រួសាររបស់ជនរងគ្រោះ។

ពួកគេត្រូវបានជាប់ចោទពីបទ« ឃាតកម្មគិតទុកជាមុខ » តាមមាត្រា ២៩ និង ២០០ នៃក្រុមព្រហ្មទណ្ឌ និង ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៩ នៅខេត្តស្វាយរៀង ។ តែ ពួកគេ ប្តឹងឧទ្ទរណ៍។

សំណុំរឿងក្តីឧក្រិដ្ឋនេះ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានលើពេលប្រកាសសាលដីកា នៅថ្ងៃ ព្រឹក ថ្ងៃ ទី ៦ ខែ កក្កដា ឆ្នាំ ២០២២ ខាងមុខនេះ៕

ដោយ: លីហ្សា

To Top