ព័ត៌មានជាតិ

អ្នកការទូតអ៊ីរ៉ង់៖ អន្តរាគមន៍ពីបរទេស គំរាមកំហែងដល់ សន្តិសុខក្នុងតំបន់

តេអេរ៉ង់៖ ក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់ ចាត់ទុកអន្តរាគមន៍ពីបរទេសជាការ គំរាមកំហែងដល់សន្តិសុខ ក្នុងតំបន់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីអារ៉ាប់រួម (UAE) របស់លោក គឺលោកSheikh Abdullah bin Zayed Al Nahyan លោក Hossein Amir-Abdollahian បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម “ចង់បានសន្តិសុខ និងវឌ្ឍនភាពសម្រាប់ប្រទេសជិតខាង និងតំបន់ទាំងមូល”។

លោក Amir-Abdollahian ត្រូវបានដកស្រង់ដោយ គេហទំព័ររបស់ក្រសួងថា “អ៊ីរ៉ង់ជឿថាការជ្រៀតជ្រែកពីបរទេស និងវត្តមានរបស់ជនបរទេស នៅក្នុងតំបន់រំខានដល់ សន្តិសុខនៅទីនោះ” ។

លោកក៏បានឲ្យដឹងដែរថា វត្តមានរបស់អ៊ីស្រាអែល គឺជា “មូលហេតុ នៃអស្ថិរភាព និងអសន្តិសុខ ក្នុងតំបន់ទាំងមូល”។ គួររំលឹកថា អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ បានអញ្ជើញសមភាគី UAE របស់ខ្លួនទៅទស្សនកិច្ច នៅទីក្រុងតេអេរ៉ង់ ។

សម្រាប់ផ្នែករបស់លោកវិញ លោក Sheikh Abdullah បានលើកឡើងថា UAE នឹងមិនអនុញ្ញាតឱ្យមានសកម្មភាព បំផ្លិចបំផ្លាញណាមួយពីទឹកដីរបស់ខ្លួន ប្រឆាំងនឹងប្រទេសជិតខាងនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top