ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការ សម្ព័ន្ធពិភពឥស្លាម បានលើកសរសើរពីកម្ពុជាថា ជាប្រទេសមួយស្ថិតនៅក្នុងបេះដូង របស់លោក ហើយជាប្រទេសមិន មានការរើសអើងខាងសាសនា ផ្ទុយទៅវិញ ជាប្រទេសមានសន្តិសហវិជ្ជមាន ជាតិសាសន៍និងសាសនា ។ លោកថា នេះជាតម្លៃពិតរបស់កម្ពុជា ។

លោកក៏អះអាងថា នឹងយកបទពិសោធន៍ពីកម្ពុជា ទៅចែករំលែក នៅតាមវេទិកាផ្សេងៗ និងជាមួយថ្នាក់ដឹកនាំដទៃទៀតអំពីការដឹកនាំផ្ដល់ជូនប្រជាពលរដ្ឋ នូវសេរីភាព និងក្តីស្រឡាញ់តាមការអភិវឌ្ឍជាក់ស្ដែង ។
ក្នុងន័យនេះ លោក មហាម៉ាត់ ឌុលការីម បានសាទរដល់ប្រជាជនកម្ពុជា មានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឲ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ជាការឆ្លើយតប សម្ដេចតេជោមានប្រសាសន៍ថា «សុខដុមនិយកម្មជាតិសាសន៍ និងសាសនា គឺមានសារៈសំខាន់ណាស់»។
សម្ដេចតេជោបន្ដថា ប្រទេសមួយអាច ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ត្រូវមានភាពអត់ឱន និងសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ត្រូវខិតខំធ្វើយ៉ាងណា កុំឲ្យមានភាពលំអៀង និងមិនអាចយកច្បាប់ និងវិធានរដ្ឋបាលគ្រប់គ្រងជំនឿរបស់ប្រជាជនបានទេ ផ្ទុយទៅវិញ ត្រូវមានគោលនយោបាយ និងវិធីសាស្រ្ត ដើម្បីបំពេញបន្ថែម បង្កលក្ខណៈឲ្យមានការរីកចម្រើន៕
