ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើមានច្បាប់ដាក់ទោស ទៅលើមន្ត្រីតុលាការ ខេត្តកំពង់ធំទេ នៅពេលចាប់មនុស្សខុស និតិវិធីច្បាប់?។

ការលើកឡើងចោទជាសំនួរ ពីសំណាក់លោក សយ សុភាព បែបនេះបន្ទាប់ពីតុលារការខេត្តកំពង់ធំ បានសម្រេចដោះលែង លោក ញឹម សារ៉ុម មេឃុំជាប់ឆ្នោតមកពីគណបក្ស ភ្លើងទៀន នៅឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីតុលាការ បានពិនិត្យលើឯកសារភស្តុតាង ជាក់ស្តែងនៃដំណើររឿង កាលពី២០ឆ្នាំមុន។

ជុំវិញករណីនេះ លោក សយ សុភាព តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក បានលើកឡើងថា តើជនរងគ្រោះ ដែលរងពីការចាប់ខុសនិតិវិធី នេះគាត់ទទួល នូវភាពអយុត្តិធ៌មប៉ុណ្ណា តើយល់ពីអារម្មណ៏គាត់ និង ក្រុមគ្រួសាររបស់គាត់ទេ?។
លោក សយ សុភាព បានចាត់ទុកករណីនេះ បានធ្វើឱ្យអាម៉ាស់ ស្ថាប័នតុលាការ និង ប៉ះពាល់កិត្តិយស ខ្លាំងណាស់ ដល់មុខមាត់គណបក្សកាន់អំណាច រាជរដ្ឋាភិបាល។ ពោលប្រៀប បានទៅនឹងបើកក្លៀក ឱ្យអ្នកនៅក្រៅវាយប្រហារយ៉ាងខ្លាំង។
ឆ្លៀតក្នុងឱកាសនេះ លោក សយ សុភាព បានផ្ដាំឱ្យពិចារណាឡើងវិញ កុំអាងមានអំណាច ធ្វើស្រេចនឹងចិត្ត និង ធ្វើដើម្បីគាប់គន់។
លោកថា នេះប្រហែលមន្ត្រីគ្រាប់ល្ពៅប្រភេទទី១ ហើយមើលទៅ។
លោក សង្កត់ធ្ងន់ថា សូមកុំដុតឱ្យខ្លោចរោយឱ្យឆៅ។

សូមរំលឹកថា លោក ញឹម សារ៉ុម ត្រូវបានតុលាការ ចោទប្រកាន់ពីបទ “ប្លន់” ប្រព្រឹត្តទៅកាលពីឆ្នាំ ២០០២។ ២០ឆ្នាំក្រោយមក លោក ញឹម សារ៉ុម ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២១ មិថុនា ២០២២ បន្ទាប់ពីលោកជាប់ឆ្នោតជាមេឃុំ នៅឃុំចំណាលើ មកពីគណបក្ស ភ្លើងទៀន។
លោក ញឹម សារ៉ុម កាលពីឆ្នាំ២០១២ បានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី។
-នៅឆ្នាំ២០១៧ ៖ ជាប់ឆ្នោតជាជំទប់ទី១ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ។
-នៅឆ្នាំ២០២២ ៖ ជាប់ឆ្នោតជាមេឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្ស ភ្លើងទៀន។
ក្រៅពីតួនាទីជាអ្នកនយោបាយមូលដ្ឋាន លោក ញឹម សារ៉ុម គឺជាអាចារ្យវត្តក្តីស្រងែ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ៕


ខាងក្រោមនេះ គឺជាសេចក្ដីថ្លែងការណ៍ របស់សាលាដំបូងខេត្តកំពង់ធំ៖


