ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ណែនាំក្រុមហ៊ុន សាងសង់ផ្លូវលេខ៤៨ កែតម្រូវចំណុចមួយចំនួន ក្រោយរកឃើញមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស (Video)

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងធ្វើតេស្តគុណភាពផ្លូវជាតិលេខ៤៨ រកឃើញថា មានមួយកន្លែងមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវនេះ ត្រូវពិនិត្យកែតម្រូវឡើងវិញ លើចំណុចខ្វះខាត។

នាឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នាថ្ងៃទី២២ មិថុនា លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា «ក្រសួង បានធ្វើតេស្តស្រទាប់គ្រឹះ និងបានរកឃើញថា ក្នុងចំនួន១០កន្លែង មានមួយកន្លែងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំ ឲ្យក្រុមហ៊ុនពិនិត្យកែតម្រូវឡើងវិញ លើចំណុចខ្វះខាត ប៉ុន្តែជារួមការសាងសង់មានគុណភាពល្អ អាចទទួលបានយកបាន ហើយគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នេះសម្រេចវឌ្ឍនភាព ការងារបានចំនួន៨%ហើយ»។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ក្រុមការងារបច្ចេកទេសក្រសួង នឹងបន្តចុះត្រួតពិនិត្យតាមដានការ សាងសង់ផ្លូវនេះ ដើម្បីធានាការសាងសង់ផ្លូវមានគុណភាពរឹងមាំ ប្រកបដោយស្តង់ដារ ដែលបានឯកភាពគ្នារវាងក្រសួង និងក្រុមហ៊ុនសាងសង់។

លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដោយទទូច សុំឲ្យអ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកទំនិញគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ កុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត កំណត់ដោយច្បាប់ ធ្វើឲ្យផ្លូវឆាប់ខូចឆាប់ រេចរិលមុនអាយុកាល មានសម្បុកមាន់ បង្កគ្រោះ ថ្នាក់ចរាចរណ៍ ចំណាយថវិកាច្រើន ក្នុងការជួសជុល និងថែទាំផ្លូវ។

សូមជម្រាបជូនថា គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨នេះ គ្រោងប្រើថវិកាសរុប ប្រមាណ៦៥,១៤ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF) រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីនយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ និងប្រើរយៈពេលសាងសង់ចំនួន៣២ខែ គ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៤ ៕

To Top