ព័ត៌មានជាតិ

គម្រោងសាងសង់ ផ្លូវជាតិលេខ១០ សម្រេចបានជាង៦៤% ខណៈស្ពានដ៏ខ្ពស់មួយ នឹងផុសឡើង លើកំណាត់ផ្លូវមួយខ្សែនេះ (Video)

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការនិងដឹកជញ្ជួន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ប្រវែង១៩៧,៣៦ គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង គិតមកទល់ពេលនេះ សម្រេចបាន៦៤,៣៣ %ហើយ ខណៈដែលស្ពានដ៏ខ្ពស់ជាងគេមួយ នឹងផុសឡើងនៅលើកំណាត់ផ្លូវមួយខ្សែនេះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការសាងសង់ ផ្លូវជាតិលេខ១០ (ក្រុងខេមរភូមិន្ទ-វាលវែង-សំឡូត ) នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា «នៅក្នុងនោះក៏មានការកសាងស្ពានដ៏ខ្ពស់មួយ ដែលមានកម្ពស់ប្រមាណ៩០ម៉ែត្រ(ពីស្ពានដល់បាតទឹក) និងប្រវែងជាង៥០០ម៉ែត្រ»។

លោកថា ស្ពាននេះគឺជាស្ពានខ្ពស់ជាងគេនៅកម្ពុជា ។

ជាមួយនឹងការទទួលបានស្ពានដ៏ល្អនេះ លោក ស៊ុន ចាន់ថុល បានស្នើ ឱ្យក្រុមហ៊ុនសាងសង់ពង្រីក (ពាក់កណ្ដាលស្ពាន)ទាំងសងខាង ដើម្បីឱ្យអ្នកទេសចរដែលឆ្លងកាត់ អាចឈប់ថតរូបពីលើស្ពាននោះ ថែមទៀតផង។

សូមជម្រាបជូនថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន១៩៧,៣៣គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ ស្របតាមបទដ្ឋានបច្ចេកទេស កម្រិត៣របស់សាធារណរដ្ឋប្រជាមានិត ចិន មានទទឹងតួផ្លូវ សរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន២៣ កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះត្រូវបានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គម្រោងផ្លូវនេះគ្រោងចំណាយថវិកាសរុបប្រមាណ១៨៨,៣៨លានដុល្លារ សហអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ ផ្ទុះ សាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣៕

To Top