ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសអំពីកាលវិភាគ នៃការចរចាប្រាក់ឈ្នួល អប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា សម្រាប់ឆ្នាំ២០២៣ ខាងមុខ។
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី២៣ មិថុនា បានឲ្យដឹងថា ការពិភាក្សាប្រាក់ឈ្នូលអប្បបរមា សម្រាប់ឆ្នាំ២០២៣ ត្រូវអនុវត្តតាមប្រតិទិន ដូចជា ៖ ខែកក្កដា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ, ខែសីហា ឆ្នាំ២០២២ ជាការចាប់ផ្តើមពិភាក្សា ជាលក្ខណៈទ្វេភាគី និងត្រីភាគី, ខែកញ្ញា ឆ្នាំ២០២២ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣, ថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទចូលជាធរមាន ប្រាក់ឈ្នួលអប្បបរមា។
ក្រសួងការងារ បានណែនាំដល់គ្រប់ ភាគីទាំងអស់ត្រូវប្រើប្រាស់ទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយយោងលើលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការពិភាក្សា សម្របសម្រួលផ្ទៃក្នុង និងទទួលបានគោលជំហររួមមួយ ៕