ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រួតពិនិត្យ សារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឲ្យបានហ្មត់ចត់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរ ពីជំនួញស្របច្បាប់ យកទៅកែច្នៃផលិតគ្រឿងញៀន ខុសច្បាប់នៅកម្ពុជា។
តាមរយៈសារលិខិតរបស់ រាជរដ្ឋាភិបាល ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាលមបន្តចូលរួម និងគាំទ្រឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា ដែលអាចកើតមាននៅក្នុងសហគមន៍។ ជាមួយនេះ មាតាបិតា និងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឱ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាព និងសុវត្ថិភាព ចៀសផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជមានក្នុងសង្គមផ្សេងៗទៀត ដើម្បីអនាគតកូនចៅតទៅមុខ។
សម្ដេចតេជោ ក៏បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការអនុវត្ត សកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ នៃគ្រឿងញៀនឱ្យបានផុលផុស និងគ្រប់គោលដៅប្រឈម ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ-ការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសប៊ុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ ជាមួយខ្លឹមសារទិសស្លោក «បីកុំ មួយរាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀន។
សម្ដេចតេជោ បន្ដថា អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី-ខេត្ត ពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាលស្ដារនីតិសម្បទា ទាំងនៅក្នុងមជ្ឈមណ្ឌលជាតិ មជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋនិងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួល គាំទ្រ លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀនឲ្យទៅទទួលយកសវាព្យាបាលស្តារនីតិសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួន។
សម្ដេចតេជោ បញ្ជាក់ថា «អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណ:កម្មការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ គណ:កម្មាធិការត្រួតពិនិត្យ គ្រឿងញៀនរាជធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ម្ចាស់ការសម្របសម្រួលដឹកនាំ អនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយនូវរាល់បញ្ហា ដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរ ពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀន ខុសច្បាប់នៅក្នុងប្រទេសកម្ពុជា»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំបន្ថែមដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពមន្ត្រីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងក្របខណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ឆ្លងកាត់តំបន់ព្រំដែន និងសហការរួមគ្នាបង្ក្រាបឲ្យបានទាន់ពេលវេលា និងចំគោលដៅ៕