ព័ត៌មានជាតិ

កម្ពុជាមានហ្រ្វេនឆាយ ជាង១០០ កំពុងដំណើរការក្នុងស្រុក និងមានខ្លះត្រូវបានលក់ ទៅក្រៅប្រទេស

ភ្នំពេញ៖ ប្រទេសកម្ពុជា មានហ្រ្វេនឆាយរបស់ខ្លួន ដែលមានភាពល្បីល្បាញ់ជាង ១០០ហើយ ដូចជាប្រភេទអាហារ និងរបស់ប្រើប្រាស់ជាដើម កំពុងដំណើរការនៅក្នុងប្រទេស ខណៈមានហ្វ្រេនឆាយមួយចំនួន ត្រូវបានលក់ទៅក្រៅប្រទេស និងគ្រោងពង្រីកបន្ថែមទៀត ទៅទីផ្សារក្នុងតំបន់ និងអន្តរជាតិ ។

ក្នុងវេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ លោកឧកញ៉ា ហួត ជា ប្រធានក្រុមហ៊ុនហួតជា បានលើកឡើងថា នៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ហ្វ្រេនឆាយកំពុងមានសន្ទុះយ៉ាងខ្លាំងក្លា ដោយសារតែគំរូធ្វើអាជីវកម្មហ្វ្រេនឆាយ មានស្ដង់ដារនៃការធ្វើការ និងរបៀបធ្វើការរបស់បុគ្គលិកជាដើម ហើយចង់ឲ្យពលរដ្ឋខ្មែរ សិក្សាស្វែងយល់ពីហ្វ្រេនឆាយនេះ និងអំពាវនាវគាំទ្រហ្រ្វេនឆាយក្នុងស្រុក ជាជាងចំណាយច្រើនទៅលើហ្វ្រេនឆាយបរទេស ។

លោកឧកញ៉ាបន្តថា បច្ចុប្បន្នហ្រ្វេនឆាយរបស់ខ្មែរ កំពុងមាននៅប្រទេសឡាវ និងមីយ៉ាន់ម៉ា ហើយក្រុមហ៊ុនហួតជាកំពុងសិក្សាទីផ្សារបន្ថែម នៅប្រទេសអូស្ត្រាលី ខណៈមានហ្វ្រេនឆាយ ជាង ១០០ក្រុមហ៊ុនហើយ កំពុងដំណើរការក្នុងស្រុក ។

លោកឧកញ៉ា ហួត ជា បន្ថែមថា សម្រាប់វេទិកាជំនួបអាជីវកម្ម និងហ្រ្វេនឆាយ២០២២ រៀបចំអ្នកជំនាញមកពីឥណ្ឌូចិន សហការជាមួយក្រុមហ៊ុនហួតជា មានម្ចាស់អាជីវកម្មជាង ៦០ចូលរួមនេះ ក្នុងគោលបំណងទី១. ពញាក់ស្មារតីអ្នកធ្វើអាជីវកម្ម ចាប់ផ្ដើមធ្វើអាជីវកម្មឡើងវិញ ក្រោយពីជួបវិបត្តិជំងឺកូវីដ-១៩, ទី២. ការចែករំលែកបទពិសោធន៍ធ្វើអាជីវកម្ម និងទី៣. ការណាត់ជួបអ្នកមានចំណាប់អារម្មណ៍ធ្វើអាជីវកម្ម អាចជួបជាមួយម្ចាស់ហ្វ្រេនឆាយផ្សេងៗ ។

លោកឧកញ៉ា បានបញ្ជាក់ថា ការជួបជុំនេះ អាចធ្វើឲ្យអ្នកធ្វើជាអីវកម្មទៅតាមស្ដង់ដារនៃពិភព លោក និងប្រទេសយើង ខណៈហ្វេនឆាយនៅកម្ពុជា កំពុងមានការរីកដុះដាល ព្រោះបានធ្វើត្រូវចិត្តរបស់អតិថិជន ៕

To Top